អ្នកគាំទ្រ Sporting Lisbon ប៉ះទង្គិចជាមួយប៉ូលីសការពារសណ្តាប់ធ្នាប់ក្នុងអំឡុងពេលអបអរសាទរក្លិបឈ្នះជើងឯក
(BC-99)
ក្បាលគ្រាប់កាំភ្លើងកៅស៊ូត្រូវបានប៉ូលីសការពារសណ្តាប់ធ្នាប់បាញ់លើអ្នកគាំទ្រក្រុមបាល់ទាត់ Sport Lisbon ដែលបានមកពពាក់ពពូនគ្នាធ្វើការអបអរសាទរដល់ក្លិបមួយនេះដែលបានក្លាយជាម្ចាស់ជើងឯកថ្មីរបស់លីគកំពូលនៃប្រទេស ព័រទុយហ្គាល់ Primeira Liga ។
ការអបអរនេះបានប្រែក្លាយទៅជាអំពើហិង្សាខណៈដែលក្រុមអ្នកគាំទ្របែបយូកូងបានគប់ដបទឹកទៅលើក្រុមប៉ូលីសដែលកំពុងតែទប់ស្កាត់ការដើរចូលទៅកាន់ដងវិថីធំៗរបស់រដ្ឋធានីនៃប្រទេសមួយនេះ។
ក្រុមអ្នកគាំទ្របានលើកយកហេតុផលថាពួកគេបានរង់ចាំអស់រយៈពេល ១៩ ឆ្នាំហើយទម្រាំតែបានឈ្នះពានកំពូលមួយនេះបន្ទាប់ពី Sporting បានឈ្នះ ១-០ លើ Boavista ដែលនាំឱ្យពួកគេរកបាន ៨២ ពិន្ទុនៅត្រឹមសប្តាហ៍ទី៣២លើសក្រុមការពារតំណែងជើងឯករដូវកាលចាស់ FC Porto ដែលមាន ៧៤ ពិន្ទុឋិតក្នុងចំណាត់ថ្នាក់លេខ២។
តាមរបាយការណ៍ពីប្រទេសព័រទុយហ្គាល់មិនបានបង្ហាញពីចំនួនអ្នករងរបួសឱ្យបានជាក់លាក់ទេ ក៏ប៉ុន្តែគេជឿថាគ្មានអ្នកបាត់បង់អាយុជីវិតទេហើយយ៉ាងហោចណាស់ក៏មានអ្នកគាំទ្រក្រុមមួយនេះមួយចំនួនដែរដែលរងរបួសធ្ងន់ធ្ងរនឹងត្រូវបានរថយន្តពេទ្យដឹកទៅកាន់សាលសង្គ្រោះបន្ទាន់ ក្នុងនោះក៏មានអ្នកគាំទ្រក្បែររយនាក់ផ្សេងទៀតដែរដែលត្រូវបានប៉ូលីសចាប់ខ្លួន។