
អតីតកូនក្រុម Ten Hag ព្រមានកីឡាករ Man UTD ពីភាពតឹងតែងរបស់គ្រូចាស់ខ្លួន
លោក Erik ten Hag ត្រូវបានភ្ជាប់ទៅនឹងការងារអ្នកចាត់ការ Manchester United ហើយអតីតកូនក្រុមរបស់លោកម្នាក់កាលនៅ FC Utrecht គឺកីឡាករ Willem Janssen បានចេញមុខលាតត្រដាងពីទម្លាប់របស់គ្រូចាស់ខ្លួន។
Willem ត្រូវបានស្រង់សម្ដីដោយ the Mirror ថា “៖ លោក Ten Hag ជាគ្រូបង្វឹកអាជីពម្នាក់។ គាត់ទាមទារខ្ពស់ណាស់ពីកីឡាករ។ គាត់ចូលចិត្តបង្កើតឆន្ទៈចង់ឈ្នះ។ គាត់ល្អិតល្អមែនទែន។ កាលនៅ Utrecht ឆន្ទៈរបស់យើងបានផ្លាស់ប្ដូរ។ វាត្រូវការពេល៣ទៅ៤ខែ ដើម្បីផ្លាស់ប្ដូរចិត្តគំនិតដោយសារតែគាត់។ គាត់បង្រៀនយើងឲ្យកាន់តែអាជីព កាន់តែសកម្ម គិតគូរពីការអភិវឌ្ឍខ្លួន និងក្រុម។ គាត់បង្ហាញពីទស្សនៈបាល់ទាត់គាត់ច្បាស់ៗ និងមានកម្រិតខ្ពស់។ និយាយទៅ ក្រោយគាត់មកដល់ លទ្ធផលក៏ចេះតែរីកចម្រើន។ យើងបានលេខ៥, លេខ៤, លេខ៥។ សម្រាប់ក្លិបយើង ប៉ុណ្ណឹង គឺខ្ពស់ហើយ។”
កីឡាករហូឡង់ដែលព្រមានកីឡាករ Man UTD ថា ត្រូវតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពេលលោក Ten Hag ទៅដល់។
លោក Ten Hag ដែលបច្ចុប្បន្នជាគ្រូបង្គោល Ajax Amsterdam ត្រូវបានគេដឹងថា យល់ព្រមផ្ទាល់មាត់ចូលដឹកនាំ Manchester United នារដូវកាលក្រោយ លើកិច្ចសន្យា៤ឆ្នាំ៕