
គាត់មានមូលហេតុ ទើបដោះស្បែកជើងដើរចេញបែបនេះ
និយាយទៅកាន់អ្នកសារពត៍មានដោយទឹកមុខរីករាយថា ” វាដល់ពេលដែលត្រូវសំរាក ព្រោះដល់ពេលដែលយុវជនរបស់យើង ត្រូវបង្ហាញសម្ថភាពជួយជាតិម្តងហើយ” នេះជាសម្តីរបស់ខ្សែប្រយុទ្ធជោគជ័យមកពីក្លឹបគញ្រ្ចោង Leicester City។
ការសំរេចចិត្តចាកចេញនេះ Jamie Vardy បានបន្ថែមថា ” ចង់ឃើញក្រុមតោកំណាច England ជោគជ័យជាងនៅ Russia ក្នុងព្រឹត្តិការណ៏ World Cup លើកក្រោយៗទៀត។ មួយវិញទៀតយុវជនជំនាន់ក្រោយច្រើនដែលមានសមត្ថភាពអាចជួយក្រុមជំរើសជាតិអោយរីកចំរើនបាន ដូច្នេះទើបខ្ញុំហៅវាថាជាការចាកចេញដ៏រីករាយ”។
Jamie Vardy បង្ហាញខ្លួនលើកដំបូងអោយក្រុមជំរើសជាតិអង់គ្លេសកាលពីឆ្នាំ ២០១៥ ក្នុងជំនួបជាមួយ R.Ireland បន្ទាប់មករកបានគ្រាប់បាល់ដំបូងអោយ England ឈ្នះ Germany 3 – 2 ទៀតផង។
សរុបជារួមខ្សែប្រយុទ្ធវ័យ 31ឆ្នាំរូបនេះ បង្ហាញខ្លួនអោយក្រុមជំរើសជាតិបាន 27ប្រកួត និងស៊ុតបញ្ចូលទីបាន 7គ្រាប់។
ស្របពេលនិងការចាកចេញរបស់ Vardy ខ្សែការពារ Gary Cahill មកពីក្លឹបតោខៀវ Chelsea ក៏បានប្រកាសចូលនិវត្តន៌ពីក្រុមជំរើសតោកំណាច England ដូចគ្នា។
នេះជាដំណឹងដ៏សោកសៅមួយសំរាប់ប្រិយមិត្តបាល់ទាត់ជាច្រើនក្នុងប្រទេស England ។
សំរាប់ការចេាកចេញពីជំរើសជាតិនេះ Cahill ក៏បានថ្លែងទាំងអួលដើមកដែរថា ” ពេលវាលានៅជាមួយតោកំណាចពិតជាស្រស់បំព្រងណាស់ ទំនាក់ទំនងរបស់ខ្ញុំក្នុងក្រុមជំរើសជាតិមានភាពស្អិតរមួតល្អមែនទែន ប៉ុន្តែខ្ញុំគិតពីអនាគត់ក្រុមជំរើសជាតិ England ចង់អោយក្រុមមួយនេះមានការរីកចំរើនបន្ថែមទៀត” ។
តាំងពីឆ្នាំ 2010 មក Gary Cahill ចូលលេងអោយក្រុមជំរើសជាតិបាន 61ប្រកួតក្នុងនាមជាខ្សែការពារកណ្តាល និងរកស៊ុតបញ្ចូលទីបាន 6គ្រាប់។
ទាំង Gary Cahill និង Jamie Vardy សុទ្ធតែបានពិគ្រោះជាមួយគ្រូបង្កោល Gareth Southgate រួចរាល់ហើយទើបធ្វើការសំរេចចិត្តដោះស្បែកជើងដើរចេញពីក្រុមជំរើសជាតិដូចនេះ។
យ៉ាងណាក៏ដោយមុនបញ្ចប់អាជីពនេះ Cahill និង Vardy បាននាំ England ឡើងដល់វគ្គ 16ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៏ EURO 2016 និង World Cup 2018 បានចំណាត់ថ្នាក់លេខ 4ផងដែរ៕