ឡៅ ចន្ទ្រា ប្រកាសចង់ជួប កងមឿងឆាង សារជាថ្មី
ការចាញ់ កងមឿងឆាង ក្នុងទឹកទី៤ កាលពីថ្ងៃទី ០២ វិច្ឆកា ក្នុងជំនួបលើកទី៤ អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា មិនបានអស់នោះទេ ដោយរូបគេស្នើសុំចង់ជួបគ្នាម្តងទៀតនាថ្ងៃខាងមុខ ដោយសារតែរូបគេយល់ថាការចាញ់នោះអ្នកប្រដាល់ថៃមានចេតនាថែមទៅលើរូបគេមុនដួល ។
ក្រោយត្រលប់មកស៊ីហ្គេមឆ្នាំ២០១៩ នាប្រទេសហ្វីលីពីនអ្នកប្រដាល់ខេត្តកំពង់ស្ពឺបានចេញមកបញ្ជាក់ថា រូបគេចង់ប៉ះជាមួយ កងមឿងឆាង ម្តងទៀត ដោយសារមិនទាន់អស់ចិត្តអំពីការប្រកួតកន្លងមកនេះ ហើយបើសិនមានស្ថានីយ៍ទូរទស្សន៍រៀបចំការប្រកួតរវាងគទាំងពីរ រូបគេសុំអោយផ្តល់ដំណឹងដល់រូបគេមួយខែមុនការប្រកួតដើម្បីត្រៀមខ្លួនអោយបានល្អ ។
សូមបញ្ជាក់ថា ការប្រកួតជាមួយគ្នា៤លើកកន្លងមក ឡៅ ចន្ទ្រា ឈ្នះពិន្ទុ ២ដងនិងស្មើពិន្ទុគ្នាម្តង ខណៈ ការប្រកួតលើកទី៤ នាសង្វៀន CBS កងមឿងឆាង បានផ្តួលនាសង្ហា ក្នុងទឹកទី៤ ដោយការកាច់ផ្តួលរួចបន្ថែមមួយជង្គង់មុន ចន្ទ្រា ដួលដល់ក្តារតាប់ពីដែលធ្វើអោយ ឡៅ ចន្ទ្រា មិនពេញចិត្តចំពោះការប្រកួតនោះ ៕