ជំនួបរវាង ម៉ឺន មេឃា និង អេលីត ចំរើន អាចកើតឡើងម្តងទៀតបាន លុះត្រាតែទទួលបានតម្លៃខ្លួនច្រើន!
អស់រយៈពេលជិត២ខែមកហើយ ដែលកីឡាករ ម៉ឺន មេឃា បានប្រកួតឈ្នះ អេលីត ចំរើន ក្នុងកម្មវិធីជើងឯកប៉ះគ្នារបស់ ស៊ីអិនស៊ី ទោះបីជាឈ្នះកូនសិស្សរបស់លោក ស៊ន អេលីត ដណ្តើមបានជើងឯក្រុមទី២ក៏ពិតមែន តែកូនប្រុសរបស់លោក អេ ភូថង ទទួលបានត្រឹមតែចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រកួតចាញ់ពិន្ទុ ឃីម បូរ៉ា។ បើនិយាយអំពីចំនួបគ្នារវាង ម៉ឹន មេឃា និង អេលីត ចំរើន វិញ មុនការប្រកួតមកដល់អ្នកទាំងពីរបានបោះសំដីដាក់គ្នាទៅវិញទៅមកយ៉ាងជក់ចិត្ត តែជាលទ្ធផលខុសពីការអួតដាក់គ្នា ពោលអ្នកទាំង២មិនសូវហ៊ានវ៉ៃប្តូរគ្នាដូចការនិយាយឡើយ ហើយក៏ទទួលបានការរិះគន់ពីសំណាក់អ្នកទស្សនាផងដែរ។
ឥឡូវយើងបំភ្លេចអតីតកាលនោះចោលទៅចោះ យើងមកនិយាយអំពីបច្ចុប្បន្នកាល និងអនាគតកាលវិញ! ទោះបីជា ម៉ឺន មេឃា និង អេលីត ចំរើន ប្រកួតមិនសូវជក់ចិត្តក្តី តែក៏នៅមានអ្នកគាំទ្រជាច្រើនចង់ឃើញគុនខ្មែរទាំងពីរជួបគ្នាម្តងទៀតនៅថ្ងៃណាមួយ។ ជាក់ស្តែង លោក អេ ភូថង ដែលត្រូវគ្រូនិងឳពុករបស់កីឡាករ មេឃា បានប្រាប់ក្រុមការងារ MSR Sport ឲ្យដឹងថា៖ ថ្ងៃណាមួយប្រសិនបើ ម៉ឺន មេឃា និង អេលីត ចំរើន ជួបគ្នាម្តងទៀត លោកយល់ព្រមអោយប្រកួត តែត្រូវមានលក្ខ័ណ ពោលគឺជំនួបអ្នកទាំងពីរត្រូវទទួលបានតម្លៃខ្លួនច្រើន គឺចាប់ពី៦០០ទៅ៧០០ដុល្លារឡើងទៅ។ មូលហេតុ គឺដើម្បីឲ្យគុនខ្មែរទាំង២ត្រៀមខ្លួនហ្វឹកហាត់បានគ្រប់គ្រាន់ មិនខ្ចះខ្ចាយពេលវេលាឡើងប្រកួតជាប់ៗគ្នា ម្យ៉ាងវិញទៀតគឺចង់អោយកក្រើកជាងមុន។ សរុបមក ប្រសិនបើសង្វៀនណាចង់អោយ ម៉ឺន មេឃា និង អេលីត ចំរើន ជួបគ្នា ទាល់តែហ៊ានចំណាយថវិកាដូចដែលបានរៀបរាប់នៅខាងលើទើបលោក អេ ភូថង យល់ព្រម៕