លោកគ្រូ ម៉ាក់ សុខន និយាយអំពីការចូលមកហ្វឹកហាត់របស់ អ៊ុំ ចំរើន សារឡើងវិញ(មានវីដេអូ)
ជាងមួយឆ្នាំហើយដែលអ្នកប្រដាល់ក្រមុំតែងខ្លួន អ៊ុំ ចំរើន បានបាត់មុខពីសង្វៀនគុនខ្មែរដោយសារបញ្ហារបួសជើង។ តែបន្ទាប់ពីបានធ្វើការវះកាត់របួសជើង ព្រមទាំងបានសម្រាកជាច្រើនខែមកនោះ សព្វថ្ងៃនេះកីឡាកររបស់ក្លឹបតាឡីដំរីមានរិទ្ធបានវិលចូលមកធ្វើការហ្វឹកហាត់បណ្តើរៗ ដើម្បីស្ទាបស្ទង់មើលសមត្ថភាពឡើងវិញ ថាតើអាចទៅមុខរួចបានរឺអត់?។ ជាមួយគ្នានេះលោក ម៉ាក់ សុខន ដែលជាគ្រូបង្ហាត់របស់ អ៊ុំ ចំរើន ក៏បាននិយាយប្រាប់ MSR ឲ្យដឹងថា៖ សព្វថ្ងៃនេះ អ៊ុំ ចំរើន បានមកហ្វឹកហាត់ក្នុងក្លឹបជិតកន្លះខែហើយ ដើម្បីផ្សំនិងសុខភាព ដោយចង់ដឹងថាតើជើងរបស់ខ្លួនដែលទើបតែវះកាត់ហើយអាចរត់ និង ហ្វឹកហាត់បានវិញអត់? ព្រោះត្រូវធ្វើការហ្វឹកហាត់បន្តិចម្តងៗដោយមិនអាចបង្ខំបាននោះទេ។ លោកគ្រូក៏បានបន្ថែមទៀតថា ការវិលត្រឡប់មកហ្វឹកហាត់នាពេលនេះ គឺគេស្មាក់ចិត្តមកហ្វឹកហាត់ខ្លួនឯង ហើយបើនិយាយអំពីគីឡូវិញគឺឡើងច្រើន ព្រោះកីឡាបើមិនហ្វឹកហាត់ជាប្រចាំទេគីឡូនឹងឡើងហើយ។ សំដីរបស់លោកគ្រូ ម៉ាក់ សុខន នៅក្លឹបតាឡីដំរីមានរិទ្ធ…
គួររំលឹកថា អ៊ុំ ចំរើន គឺជាម្ចាស់ជើងឯកគោជល់រដូវកាលទី៥ ក្នុងឆ្នាំ២០១៦ គ្រានោះក្នុងវគ្គផ្តាច់ព្រ័ត្រគឺប្រកួតឈ្នះកីឡាករ កន ចន្ថា ដោយពិន្ទុ ហើយក្រោយៗមកទៀតកីឡាកររូបនេះចេះតែឡើងប្រកួតធម្មតាៗដោយមិនដឹងថាខ្លួនមានបញ្ហាជើងនោះទេ ក្រោយធ្វើការពិនិត្យទើបដឹងថារូបគេមានបញ្ហារបួសជើងធ្ងន់ធ្ងរដោយមិនអាចឡើងសង្វៀនប្រកួតទៀតបាន៕