ដឹងអត់! ឈុត សេរីវ៉ាន់ថង និង តាញ់ មករា និយាយអ្វីខ្លះមុនប៉ះគ្នានៅវគ្គផ្តាច់ព្រ័តពានរង្វាន់ ISI Palm?
ក្រោយពីធ្វើការតស៊ូអស់រយៈពេលជាង៣ខែ ទីបំផុតការប្រកួតពានរង្វាន់ ISI Palm ដែលសហការគ្នាជាមួយស្ថានីយ៍ CNC រដូវកាលទី៣បានឈានចូលមកដល់វគ្គផ្តាច់ព្រ័តហើយ ដោយអ្នកប្រដាល់កម្ពុជាត្រូវប៉ះគ្នាគឺ ឈុត សេរី វ៉ាន់ថង ត្រូវជួបជាមួយ តាញ់ មករា ខណៈកីឡាករថៃ ភិតប៊ុនមី ប្រកួតជាមួយ ភូតាក់វ៉ាន់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣។
មុននឹងត្រូវធ្វើការប្រកួតដើម្បីពានរង្វាន់ខាងលើ កីឡាករគុនខ្មែរដែលមកពីខេត្តបាត់ដំបង បាននិយាយប្រាប់ក្រុមការងារ MSR ថា៖ “និយាយអំពីអារម្មណ៍ថ្ងៃនេះគឺរំភើបណាស់ដែលឡើងមកដល់វគ្គផ្តាច់ព្រ័តក្នុងពានរង្វាន់ ISI Palm ហើយនេះគឺជាការប្រកួតផ្តាច់ព្រ័តលើកទី២ហើយសម្រាប់ខ្ញុំ។ ដូចនេះខ្ញុំបានធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ព្រោះពានរង្វាន់នេះគឺពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។”
កូនរបស់លោកគ្រូ ឈុត សារី បានបន្ថែមទៀតថា៖ “បើនិយាយអំពីក្បាច់ដែលត្រូវមកប្រកួតវិញ គឺខ្ញុំបានត្រៀមគ្រប់លក្ខណៈហើយសម្រាប់ប្រកួតជាមួយដៃគូ ប៉ុន្តែសូមលាក់សិនព្រោះទុកសម្រាប់ឡើងទៅប្រកួតនៅលើសង្វៀន ព្រោះខ្ញុំបានស្គាល់អំពីក្បាច់របស់ដៃគូច្បាស់ហើយ។ បើនិយាយអំពីក្តីរំពឹងវិញគឺខ្ញុំរំពឹង៧០ភាគរយ។”
ដោយឡែកដៃគូរបស់គេ តាញ់ មករា វិញ ក៏បានបញ្ចេញចំណាប់អារម្មណ៍ដូចគ្នាមកកាន់ក្រុមការងារ MSR ដែរថា៖ “សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័តគឺប្លែកជាងការប្រកួតធម្មតា ព្រោះនេះគឺជាលើកដំបូងដែលបានជួបជាមួយកីឡាករកម្ពុជាដូច ហើយការហ្វឹកហាត់ក៏ខុសគ្នាផងដែរ ពោលគឺខ្ញុំបានប្រឹងប្រែងហ្វឹកហាត់ទ្វេរដង។”
កូនសិស្សមកពីសមាគមន៍ប្រដាល់ក្រសួងការពារជាតិក៏បានបន្ថែមទៀតថា៖ “ហើយបើនិយាយពីអារម្មណ៍វិញគឺខុសគ្នាប៉ុន្តែមិនជាអ្វីឡើយ ហើយបើនិយាយអំពីក្បាច់វិញគឺខ្ញុំបានត្រៀមច្រើនណាស់ដើម្បីទប់ទល់ជាមួយដៃគូ ព្រោះរូបគេគឺជាកីឡាករដ៏វ័យឆ្លាតមួយរូប។ បើនិយាយអំពីចំនុចខ្សោយរបស់គេវិញគឺខ្ញុំចាប់បានហើយ ប៉ុន្តែសូមលាក់សិនព្រោះចង់ទុកបង្ហាញនៅលើសង្វៀន ហើយសម្រាប់ការរំពឹងជាជើងឯកវិញគឺខ្ញុំសង្ឃឹម៧០ភាគរយ។”
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣បានឈានចូលមកដល់វគ្គផ្តាច់ព្រ័តហើយនៅថ្ងៃនេះដែលនឹងចាប់ផ្តើមនាវេលាម៉ោង១១:៣០នាទីព្រឹក ដោយមានការប្រកួតដ៏ជក់ចិត្តចំនូន៣គូគឺ រឿង សោភ័ណ្ឌ ប្រកួតមិត្តភាពជាមួយ ចូលៀន ហើយ កីឡាករថៃ ភិតប៊ុនមី ប្រកួតជាមួយមិត្តរួមជាតិ ភូតាក់វ៉ាន់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ខណៈ ឈុត សេរី វ៉ាន់ថង ត្រូវជួបជាមួយ តាញ់ មករា ដើម្បីដណ្តើមពានរង្វាន់វគ្គផ្តាច់ព្រ័ត្រ។
ចូលរួមទស្សនាដោយសេរីរនៅសង្វៀន CNC ឬស្សីកែវ! កុំភ្លេចមកឲ្យបានច្រើនកុះករផងណាចាប់ពីម៉ោង១១:៣០នាទីព្រឹកតទៅ!