បឺត សង្ឃឹម រំលឹកធ្លាប់វ៉ៃ វ៉ាន់ វឿន សន្លប់ ខណ: វាន់ វឿន សង្ឃឹមលើស១០០%មុនប៉ះគ្នាដណ្តើមខ្សែក្រវាត់គោជល់
បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ បឺត សង្ឃឹម និង វ៉ាន់ វឿន បានបង្ហាញពីក្តីសង្ឃឹមខ្ពស់ដូចគ្នាក្នុងការដណ្តើមខ្សែក្រវាត់និងលុយ២០លានរៀលក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ដែលឈានចូលមកដល់នៅថ្ងៃ សៅរ៍ ទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ នាសង្វៀន CNC ឬស្សីកែវ ។
វាន់ វឿន ជឿជាក់ថាខ្សែក្រវាត់នេះនឹងក្លាយជារបស់គេ ដោយសារការប្រឹងប្រែងហ្វឹកហាត់ នឹងបានស្វែងយល់ពីក្បាច់គូប្រកួតបានយ៉ាងល្អិតល្អន់មុនឈានដល់ការប្រកួតលើសង្វៀន នៅសប្តាហ៍នេះ ។
ចំណែក បឺត សង្ឃឹម វិញបញ្ជាក់ថា រូបគេនឹងធ្វើអោយ វាន់ វឿន ចាញ់ជាលើកទី២ បន្ទាប់ពីធ្លាប់ឈ្នះកាលពី៤ឆ្នាំមុន ដើម្បីគ្រងខ្សែក្រវាត់គោជល់ដែលរូបគេបានដាក់គោលដៅយ៉ាង ច្បាស់ថានឹងយកអោយបាន ។
បឺត សង្ឃឹម មុនដល់វគ្គនេះរូបគេបានយកឈ្នះពិន្ទុលើកីឡាករ សេក គឹមសាន្ត ក្រោយប្រកួតចប់ពេញ៣ទឹក ខណៈ វាន់ វឿន បានយកឈ្នះ អេ ណារ័ត្ន ទាំងប្រផុតប្រផើយដោយពិន្ទុមិនឯកច្ឆ័ន្ត ៣ ទល់២ បន្ទាប់ប្រកួត៣ទឹកចប់សព្វគ្រប់ ។
សូមបញ្ជាក់ថា កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២វគ្គផ្តាច់ព្រ័ត្រនឹងប្រកួតនៅថ្ងៃទី ១៣ ខែ មិថុនា ដែលមានការផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍ CNC ចាប់ពីម៉ោង ៥និង៣០នាទីល្ងាចតទៅ និងមិនអនុញ្ញាតអោយអ្នកគាំទ្រចូលរួមទស្សនា ផ្ទាល់នោះទេ ដោយសារការការពារជំងឺកូវីដ១៩ ៕