ក្លិបគុនខ្មែរជិត១០កំពុងទាក់ទងក្មេងប្រុសម្នាក់នៅខេត្តព្រៃវែងដែលចង់ហាត់ប្រដាល់
ក្រោយពេលលោក ស៊ីថូ ណាថាន់ បានប្រកាសលើបណ្តាញសង្គមអំពីគោលបំណងរបស់ក្មេងប្រុសម្នាក់ដែលរស់នៅខេត្តព្រៃវែង ចង់ហាត់ប្រដាល់គុនខ្មែរ ពេលនេះមានក្លិបប្រដាល់គុនខ្មែរជិត១០ហើយបានទាក់ទងទៅកាន់ មីងរបស់ក្មេងប្រុសម្នាក់នោះដើម្បីយកមកហាត់នៅក្លិបរបស់ពួកគេដើម្បីសម្រេចក្តីស្រមៃចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរនិងទទួលបានការស្នាក់នៅ រៀនសូត្រ ។
ម្តាយមីងរបស់ក្មេងប្រុស សុខបញ្ញា បានបង្ហើបថា ពិតជាមានក្លិបប្រដាល់ជាច្រើនបានទាក់ទងដល់រូបគាត់ក្នុងចង់យកក្មួយប្រុសរបស់គាត់ទៅចូលរួមក្លិបប្រដាល់របស់ពួកគេពិតប្រាកដមែន ប៉ុន្តែអ្នកមីងមិនទាន់សម្រេចថានឹងអោយ ក្មួយប្រុសទៅក្លិបមួយណានៅឡើយទេ ដោយរង់ចាំពិភាក្សាអំពីបញ្ហាមួយចំនួនជាមុនសិន ព្រោះអ្នកមីងចង់បានកន្លែងស្នាក់និងអោយក្មួយបានរៀនសូត្រ ។
សូមបញ្ជាក់ថា ខ្លឹមសាររបស់ប្រធានកីឡា CBS លោក ស៊ីថូ ណាថាន់ បានប្រកាសលើបណ្តាញសង្គមមានន័យដូចខាងក្រោមនេះ ៖
មានក្លឹបប្រដាល់ណាចង់បានគាត់ទេ?
រស់ សុខបញ្ញា អាយុ១២ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយម្តាយមីង (ឪពុកម្តាយលែងលះគ្នា) ក្នុងភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ម្តាយមីងគេបានប្រាប់ខ្ញុំផ្ទាល់មាត់ថា ក្មេងម្នាក់នេះឧស្សាហ៍ ហើយមានកំលាំងចំលែកដូចមនុស្សធំ។ ជារៀងរាល់ថ្ងៃគាត់ទទូចសុំមីងទៅហាត់ប្រដាល់ តែមីងមិនដឹងទាក់ទងតាមណា ណាមួយគាត់ក៏ចង់បំពេញបំណងក្មួយគាត់ដែរ។ គាត់បន្ថែមថា បើមានក្លឹបណាអាចទំនុកបំរុងការហ្វឹកហាត់ ស្នាក់នៅ ហូបចុកបាន គាត់នឹងប្រគល់ជូនភ្លាម។ អ្វីដែលសំខាន់គឺគាត់ចង់អោយក្មួយបានបន្តការរៀនសូត្រផង និងបានហាត់ប្រដាល់ផង។ បញ្ញា កំពុងរៀនថ្នាក់ទី៤។