ចាន់ សំអាត ប្រាប់មូលហេតុដែលយកថវិកាពាក់កណ្តាលនៃជ័យជំនះប្រាក់លាន ជួយដល់កីឡាករ សុខ សុវណ្ណ
ថ្មីនេះៗមានបងប្អូនដែលគាំទ្រវិស័យប្រដាល់គុនខ្មែរជាច្រើនបានសរសើរកីឡាករ ចាន់ សំអាត ចំពោះទឹកចិត្តសប្បុរសធម៍របស់គេ ដែលបានយកថវិកា៥០ភាគរយនៃជ័យជំនះប្រាក់លានរបស់ខ្លួនជួយឧបត្ថម្ភដល់កីឡាករ សុខ សុវណ្ណ ដែលជាដៃគូប្រកួតចាញ់ ដើម្បីចូលរួមរំលែកទុក្ខដល់ សុខ សុវណ្ណ ដែលម្តាយក្មេករបស់គេបានទទួលអនិច្ចកម្ម (សេចក្តីស្លាប់)។
បើយោងតាមការសាកសួរពីសំណាក់ក្រុមការងារ MSR SPORT ជាមួយខ្លាចាស់ភ្នំដងរែក ចាន់ សំអាត បានឲ្យដឹងថា៖ តាមពិត!រូបគេបានគិតតាំងពីមុនការប្រកួតមកម្លេះថា បើប្រកួតឈ្នះគាត់ ខ្ញុំនិងយកថវិការពាក់កណ្តាលជូនដល់គាត់ ព្រោះតែម្តាយក្មេករបស់គាត់ទើបតែទទួលមរណៈភាព ហើយម្យ៉ាងវិញទៀតយល់ថា សុវណ្ណ គឺមិនបានហ្វឹកហាត់គ្រប់គ្រាន់នោះទេ ដើម្បីមកប្រកួតដណ្តើមប្រាក់លានជាមួយខ្ញុំ ហើយខ្ញុំពិតជាមានការអណិតអាសូរដល់គាត់ណាស់។ សំអាតបានបន្ថែមទៀតថា ថវិកាដែលបានជួយគាត់ចំនួន៥០ម៉ឺនរៀលពីជ័យជំនៈ១លានរៀលនេះ គឺគ្រាន់តែជាថវិកាដែលម្ចាស់ Sponsor ជួយឧបត្ថម្ភដល់អ្នកឈ្នះ ហើយស្របពេលដែលគាត់កំពុងជួបទុក្ខទៀតនោះ ខ្ញុំក៏មានចិត្តចង់ជួយចែករំលែកដល់គាត់ផងដែរ។
គួរបញ្ជាក់ថា ក្រោយពី ចាន់ សំអាត ខកខានឡើងសង្វៀនអស់រយៈពេលជាងកន្លះឆ្នាំដោយសារបញ្ហាបាក់ដៃ ពេលប្រកួតជាមួយកីឡាករ អេលីត សាន់ នេះគឺជាការប្រកួតលើកទី២របស់គេ ខណៈដែលការប្រកួតលើកទី១ឈ្នះកីឡាករ ស៊ន រ៉ាគីម៕