អ្នកចាត់ការគោព្រៃកម្ពុជា Keisuke Honda បង្ហើបពីមូលហេតុដែលផ្លាស់មកកាន់ Botafogo
កាលពីថ្ងៃសុក្រ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ក្រោមការទទួលស្វាគមន៍ពីអ្នកគាំទ្រ រាប់ពាន់នាក់នៅប្រលានយន្តហោះ ក្រោយសម្រេចការផ្លាស់ទៅកាន់ក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R។
យ៉ាងណាក្តីកាលពីថ្ងៃសៅរ៍នៅក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការ ចំពោះអ្នកគាំទ្ររបស់ក្លឹប Botafogo F.R នៅកីឡដ្ឋាន Olimpico Nilton Santos ខ្សែបម្រើជនជាតិជប៉ុនរូបនេះក៏បន្តទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់អ្នកគាំទ្រ ដោយមានអ្នកចូលរួមដល់ទៅ ១៣,០០០នាក់ឯណោះ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន បុរសវ័យ៣៣ឆ្នាំបានបង្ហើបពីមូលហេតុដែលផ្លាស់មកកាន់ទីនេះគឺដោយសារតែ មនុស្សជាច្រើននៅទីនេះបានរងចាំខ្ញុំ ហើយពួកគេបានទាក់ទងខ្ញុំតាមបណ្តាញសង្គមតែម្តង។ ខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ ប៉ុន្តែអ្នកគាំទ្របានធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់ពេលខ្ញុំមកដល់ទីនេះ។
“ខ្ញុំមិនដែលជួបទិដ្ឋភាពបែបនេះឡើយក្នុងអាជីពរបស់ខ្ញុំ។ មហិច្ឆតារបស់អ្នកគាំទ្របានធ្វើឱ្យខ្ញុំសម្រេចចិត្តផ្លាស់មកទីនេះតែម្តង” នេះបើតាមការបន្ថែមរបស់ Keisuke Honda។
គួរឱ្យដឹងថា អតីតសមាជិកក្រុមសាម៉ូរៃជប៉ុនរូបនេះនឹងពាក់អាវលេខ៤នៅ Botafogo ដែលជាក្លឹបអាជីពទី៨របស់ខ្លួន ខណៈដែលបច្ចុប្បន្នអាវនេះក៏កំពុងត្រូវបានដាក់លក់នៅលើទីផ្សារផងដែរ។