
ម្ចាស់ខ្សែក្រវាត់ WBA ASIA កូនខ្មែរ-អាមេរិក ឆ្លើយតបចំពោះការកោះហៅចូលក្រុមជម្រើសជាតិសកលកម្ពុជា
កីឡាករ អេរិក ប៉ែន កូនខ្មែរកាត់អាមេរិកដែលកំពុងកាន់កាប់ខ្សែក្រវាត់ WBA Asia បានធ្វើការឆ្លើបតបចំពោះការកោះហៅចូលក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាសម្រាប់ត្រៀមការប្រកួតនានាតំណាងអោយប្រទេសកម្ពុជា នាពេលខាងមុខ ជាពិសេសចូលរួមបណ្តុះដល់ផ្នែកសកលកម្ពុជាដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងនាពេលខាងមុខ ។
អ្នកប្រដាល់ដែលហ្វឹកហាត់នៅក្លិប Saigon Sports Club បានបញ្ជក់មកកាន់ MSR SPORT ថា រូបគេពេញចិត្តក្នុងការជួយប្រដាល់សកលនៅកម្ពុជា ហើយពិតជាសប្បាយចិត្តនៅពេលមានការទាក់ទងអោយចូលរួមជាមួយក្រុមជម្រើសជាតិសកលកម្ពុជាដើម្បីត្រៀមការប្រកួតនានាតំណាងអោយប្រទេសកំណើតរបស់ខ្លួន ។ កីឡាករធំដឹងក្តីនៅអាមេរិក រូបនេះបន្ថែមថា អ្វីដែលកម្ពុជាផ្តោតសំខាន់ក្រោយជជែកគ្នាគឺព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយលោកសង្ឃឹមថា នឹងជួយកម្ពុជាបានច្រើន ។ អេរិក ប៉ែន នឹងធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឆាប់ៗ ខាងមុខ ពោលនៅពេលស្ថាភាពជំងឺកូវីដ១៩ បានធូរស្រាល នឹងមានការបើកដំណើរការច្រកព្រំដែនផ្សេងៗនៅទូទាំងពិភពលោក ។
អេរិក បានចាប់ផ្តើមហ្វឹកហាត់នៅក្លិប Saigon Sports Club នៅឆ្នាំ២០១៤ ហើយចាប់ផ្តើមប្រឡូកក្នុងអាជីពប្រដាល់នៅខែសីហា ឆ្នាំ២០១៨ ដោយមានប្រវត្តិឈ្នះទាំងពីរប្រកួតដំបូងរបស់ខ្លួន មុនដណ្តើមបានជើងឯក WBA ASIA South Heavyweight លើកីឡាករឥណ្ឌូនេស៊ី Satria Antasena នៅក្នុងទឹកទី១ នៅក្រុងហូជីមិញ ប្រទេសវៀតណាម និងបន្តផ្តួលកីឡាករឥណ្ឌូនេស៊ី David Koswara ត្រឹមទឹកទី ១ នាប្រទេស ហ្វីលីពីន ខណៈការប្រកួតចុងក្រោយ កាលពីចុងឆ្នាំ ២០១៩ រូបគេបានយកឈ្នះកីឡាករកូរ៉េខាងត្បូង Hoo Won Lee ដោយពិន្ទុបន្ទាប់ពីប្រកួតពេញ៨ទឹកនាទីក្រុង បាងកក ប្រទេសថៃ ៕