អតីតជើងខ្លាំងគុនខ្មែរ ឡោ សំណាង និង ពេជ្រ ប៊ុនធឿន សហការគ្នាបើកក្លិបប្រដាល់នៅខេត្តបាត់ដំបង
អតីតជើងខ្លាំងគុនខ្មែរ ឡោ សំណាង , ពេជ្រ ប៊ុនធឿន , ភិន សុផល និង លីន អ៊ីសខយ រួមជាមួយកីឡាករជើងចាស់ផ្សេងៗដែលនៅខេត្តបាត់ដំបងបានសហការគ្នាបើកក្លិបប្រដាល់គុនខ្មែរមួយនៅក្នុងខេត្តបាត់ដំបង ដែលកំពុងរៀបចំចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ។
តាមការបញ្ជាក់ថារបស់ជើងខ្លាំង ឡោ សំណាង ថា ទីតាំងរកបានហើយ ខណៈអ្នកឧបត្ថម្ភសម្រាប់ការបង្កើតក្លិបនេះក៏មានហើយដែរ ដូចនេះលោកកំពុងត្រៀមសាងសង់ក្លិបសម្រាប់ហ្វឹកហាត់តែម្តងនិងត្រូវការបំពាក់នៅសម្ភារៈហ្វឹកហាត់មួយចំនួន ហើយសម្រាប់កីឡាករមានច្រើនដែលកំពុងរង់ចាំចូលហ្វឹកហាត់ជាមួយរូបលោក កីឡាករ ពេជ្រ ប៊ុនធឿន , លីន អ៊ីសខយ រួមទាំងអតីតជើងខ្លាំងគុនខ្មែរជាច្រើនទៀតនៅខេត្តបាត់ដំបងនេះ ។
ឡោ សំណាង ជាអតីតជើងខ្លាំងគុនខ្មែរដែលធ្លាប់គ្រងខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍ CTN និងធ្លាប់ឈ្នះមេដាយមាសជើងឯកទូទាំងប្រទេសជាច្រើនឆ្នាំ ចំណែក ពេជ្រ ប៊ុនធឿន ក៏ជាជើងខ្លាំងរួមជំនាន់ជាមួយ ឡោ សំណាង ផងដែរ ហើយពួកគេត្រូវបានគេចាត់ទុកជាដៃគូយ៉ាងស្វឹតស្វាញក្នុងអំឡុងពួកគេនៅឡើងសង្វៀនឆ្នាំ ២០០៥ និង ២០០៦ ផងដែរ ។
ឡោ សំណាង និង ពេជ្រ ប៊ុនធឿន នឹងជួបផ្តល់បទសម្ភាសន៍ជាមួយលោក ស៊ីថូ ណាថាន់ ប្រធានកីឡាក្រុមហ៊ុន CBS នាថ្ងៃ អាទិត្យ ទី ១ ធ្នូ នេះក្នុងកម្មវិធីគ្រប់គ្រឿងរឿងកីឡា វេលាម៉ោ ១១ ព្រឹក ដែលមានឡាយផ្ទាល់តាមផេក MYTV ដើម្បីបញ្ជាក់លម្អិតពីការ រួមគ្នាបង្កើតក្លិបប្រដាល់គុនខ្មែរនៅខេត្តបាត់ដំបងនេះ ៕