Conor McGregor ដែលជាអ្នកគាំទ្ររបស់ Man Utd បានបញ្ចេញមតិរបស់ខ្លួនអំពីលោក Ole
(BC-99)
លោក Ole ត្រូវបានគណកម្មការគ្រប់គ្រងក្លិប Manchester United ផ្តល់ឱកាសឱ្យដឹកនាំការប្រកួតជាមួយក្រុមមាន់ខ្នាយមាស Tottenham Hot Spurs មួយប្រកួតទៀតដើម្បីសម្រេចពីអនាគតរបស់អតីតកីឡាករនិងជាវីរបុរសរបស់ក្លិបរូបនេះថាត្រូវចាកចេញឬក៏នៅជាបន្ត។
ស្របពេលដែលមានការជជែកគ្នាមិនអស់មិនហើយពីអំពីលោក Ole Gunnar Solksjaer ដែលដឹកនាំមិនបានល្អបន្ទាប់ពី Manchester United ត្រូវបានបំបាក់ដល់ផ្ទះដោយគូប្រជែង ហង្សក្រហម Liverpool ៥-០ កាលពីថ្ងៃអាទិត្យកន្លងទៅរួចមកបានធ្វើឱ្យអតីតម្ចាស់ខ្សែក្រវាត់ប្រដាល់គុនចម្រុះពិភពលោករបស់ស្ថាប័ន UFC Conor McGregor ដែលជាអ្នកគាំទ្រក្រុមបិសាចក្រហមដ៏ងប់ងល់ម្នាក់ដែរនោះបានចេញមកបញ្ចេញយោបល់របស់ខ្លួនទាក់ទងទៅនឹងគ្រូបង្វឹកសញ្ជាតិ ណ័រវេយ៍ រូបនេះ។
Conor McGregor បាននិយាយថា៖ “ខ្ញុំស្រឡាញ់ និងគោរព Ole ជាខ្លាំង គាត់គួរតែនៅជាផ្នែកមួយរបស់ United ជារៀងរហូត! គាត់គ្រាន់តែកែតម្រូវឡើងវិញនូវអ្វីដែលជាការសម្រេចចិត្តខុសនាពេលកន្លងមកបានហើយ”។
គួរបញ្ជាក់ថា Man Utd បានត្រៀមបេក្ខភាពចូលមកជំនួសតំណែងរបស់លោក Ole រួចរាល់អស់ហើយដោយគេបានដឹងផងដែរថាលោក Antonio Conte អតីតអ្នកចាត់ទូរទៅរបស់ក្រុម តោខៀវ Chelsea គឺជាបុគ្គលដែលលេចធ្លោរបំផុតសម្រាប់កៅអីកំពូលរបស់ បិសាចក្រហម មួយនេះ។