ឃុន ឌីម៉ា ប្រាប់មូលហេតុដែលមិនចូលរួមប្រកួតជើងឯកថ្នាក់ជាតិក្នុងឆ្នាំនេះ
ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ ហើយក៏មានកីឡាករគុនខ្មែរជាច្រើនក៏ទទួលបានមេដាយមាសទៅតាមប្រភេទទំងន់រៀងៗខ្លួនផងដែរ។ បើនិយាយអំពីម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧និងជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៨នៅប្រទេសម៉ាឡេស៊ី ឃុន ឌីម៉ា វិញ ឆ្នាំនេះមិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិឡើយ ហើយក៏មានបងប្អូនដែលជាអ្នកគាំទ្រនាគខ្មៅបន្ទាយមានជ័យរូបនេះមានការងើងឆ្ងល់ផងដែរ។
បើយោងតាមការសាកសួរពីសំណាក់ MSR, ឃុន ឌីម៉ា បាននិយាយថា៖ ដោយសារតែខ្លួនជាប់រវល់ ណាមួយចង់ឲ្យអ្នកប្រដាល់គុនខ្មែរថ្មីៗមានឪកាសបង្ហាញសមត្ថិភាពផងនោះ ទើបរូបគេមិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិនៅក្នុងឆ្នាំនេះ។ ឌីម៉ា ក៏បាននិយាយបន្ថែមទៀតថា ការពីប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ មានកីឡាករគុនខ្មែរជាច្រើនរូបបានដាក់ពាក្យមកប្រកួតក្នុងគីឡូ ៦៣.៥ តែនៅពេលដែលពួកគេទាំងនោះចាប់ឈ្មោះប៉ះចំរូបគេ គឺកីឡាករទាំងនោះមិនហ៊ានឡើងប្រកួតឡើយ ដូចនេះហើយទើបឆ្នាំនេះរូបគេសម្រេចចិត្តមិនចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨៕