ឱកាសល្អមកដល់ហើយ! ម៉ឺន ដា ប្រកួតដណ្តើមខ្សែក្រវាត់ MX ជាមួយកីឡាករថៃ តារាឯក
អ្នកប្រដាល់គុនខ្មែរ ម៉ឺន ដា នឹងធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ MX ប្រភេទទម្ងន់ ៦២ គីឡូក្រាមជាមួយកីឡាករថៃ តារាឯក ក្នុងកម្មវិធី MX នាកោះសាមុយ ប្រទេសថៃ នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះចាប់ពីម៉ោង ៩ យប់តទៅ ។ អ្នកទាំងពីរធ្លាប់ប៉ះគ្នាក្នុងការប្រកួតជម្រុះខ្សែក្រវាត់ MX រួចមកហើយដោយកាលនោះ៣ទឹកពេញលទ្ធផលស្មើ ខណៈការបន្ថែម១ទឹកផ្តាច់ព្រ័ត្រធ្វើអោយអតីតកីឡាករនៃក្លិប ខ្លារខិនមានរិទ្ធ ចាញ់ពិន្ទុបាត់ឱកាសឡើងទៅដណ្តើមខ្សែក្រវាត់តែម្តង ។
ក្រោយពីឈ្នះ ម៉ឺន ដា អ្នកប្រដាល់ថៃ តារាឯក បានចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីដៃរបស់កីឡាករ អូស្ត្រាលី ខណៈពេលនេះខាងកម្មវិធី MX បានរៀបចំអោយពួកគេទាំងពីរជួបគ្នាម្តងទៀតដើម្បីដណ្តើមខ្សែក្រវាត់របស់ MX ក្នុងតំណែងគូទី៥ ។ក្រៅពីការប្រកួតគូនេះនៅមានការប្រកួតជាច្រើនគូទៀតសុទ្ធតែគូពិសេស ក្នុងនោះមានកីឡាករជប៉ុន Senuzuke ដែលធ្លាប់មកប្រកួតនៅកម្ពុជាឈ្នះ សួន ចាន់នី , ចិត្ត សុភី និង អេលីត កែវឡុង ក៏ប្រកួតក្នុងថ្ងៃនោះដែរ ៕