ស្រឡាញ់គុនខ្មែរពេកជិះ Pass App ដឹកអង្ករយកឲ្យដល់ក្លឹប
លោក ជុង ណាង ដែលជាប្រជាពលរដ្ឋធម្មតាម្នាក់ចូលចិត្តទស្សនានិងគាំទ្រការប្រកួតគុនខ្មែរ ថ្មីៗនេះបានជិះ Pass App ដឹកអង្ករចំនួន២បាវយកទៅជូនក្លឹបរបស់លោក ពេជ្រ សុផាន់ និង ក្លឹបរបស់លោក សួង បញ្ញា។
បើយោងតាមសំដីរបស់លោក ជុង ណាង បាននិយាយប្រាប់ក្រុមការងារ MSR SPORT ឲ្យដឹងថា៖ លោកមិនមែនជាអ្នកធូរធារប៉ុន្មាននោះទេ តែដោយសារស្រឡាញ់និងគាំទ្រគុនខ្មែរតាំងពីក្មេង ទើបលោកតែងតែមានថវិការបន្តិចបន្តួចរួមជាមួយមិត្តភ័ក្រ ជួយដល់កីឡាករនិងក្លឹបប្រដាល់គុនខ្មែរ។ លោកបានបន្ថែមទៀតថា លោកធ្លាប់ជួយដល់កីឡាករគុនខ្មែរច្រើនណាស់ បើនិយាយឲ្យចាំ គឺចាំមិនអស់ទេ! ព្រោះច្រើនពេក! ហើយភាគតិចណាស់ដែលលោកថតបង្ហោះតាម Facebook។ ជាទូរទៅ ថវិការដែលលោកនិងមិត្តភ័ក្រជួយដល់កីឡាករនិងក្លឹប មិនច្រើនប៉ុន្មាននោះទេ តែដោយសារការអណិតនិងស្រឡាញ់។
គួររំលឹកថា មួយរយៈចុងក្រោយនេះយើងតែងតែឃើញមានសប្បុរសជនជាច្រើន បានជួយដល់កីឡាករ និង ក្លឹបប្រដាល់គុនខ្មែរ ព្រោះដោយសារស្រឡាញ់និងគាំទ្រដូច លោក ជុង ណាង។ ម្យ៉ាងវិញទៀត ភាគច្រើននៃក្លឹបប្រដាល់គុនខ្មែរ គ្រូដែលបើកក្លឹបជាច្រើនមិនសូវជាធូរធារ ម្លោះហើយទើបនៅទូរទាំងប្រទេសកម្ពុជា មិនសូវមានក្លឹបប្រដាល់ដែលស្តង់ដារ ដូចនៅប្រទេសជិតខាង៕