ប៊ុន សុធា ថា លាភ សំណាង មានក្បាច់គ្រោះថ្នាក់មិនអាចមើលស្រាលបាន
អ្នកប្រដាល់វ័យក្មេងនៃក្លិបក្រសួងការពារជាតិ ប៊ុន សុធា ដែលត្រូវប្រកួតក្នុងសប្តាហ៍នេះជាមួយកីឡាករ លាភ សំណាង ក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី២ កម្មវិធីកម្ពុជាសង្វៀន គុនខ្មែរ បានលើកឡើងអំពីការហ្វឹកហាត់ត្រៀមខ្លួនរបស់គេសម្រាប់ការប្រកួតសំខាន់នេះ ។
កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា ក្រោយឈ្នះ អេ ណារ័ត្ន រួច រូបគេមិនដែលធ្វើប្រហែលចំពោះការហ្វឹកហាត់នោះទេ ដោយត្រៀម ជាប្រចាំ ហើយការប៉ះដៃគូលើកនេះក៏មិនទាន់ហ៊ានមើលស្រាលដែរ ពីព្រោះការប្រកួតលើសង្វៀនមិនអាចទាយដឹងមុនថាឈ្នះរឺចាញ់ នោះទេ ដោយមានតែប្រឹងប្រែងអោយអស់ពីសមត្ថភាពតែប៉ុណ្ណោះ ។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្រុមទី២នេះ ប៊ុន សុធា បានយកឈ្នះកីឡាករគុនខ្មែរចំនួនពីរ ដែលរួមមាន ប៉ុក វិបុល និង អេ ណារ័ត្ន ក្នុងទឹកទី១ ចំណែកគូប្រកួតរបស់គេ លាភ សំណាង វិញបានឈ្នះកីឡាករគុនខ្មែរពីររូបដូចគ្នា ក្នុងនោះមាន ឃន គឹមហេង និង សេក គឹមសាន្ត ។
សូមបញ្ជាក់ថា ការប្រកួតកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ រវាង ប៊ុន សុធា និង លាភ សំណាង រួមទាំងគូសំខាន់ៗទៀត នឹងធ្វើឡើងនៅថ្ងៃទី ០៩ មករា ២០២១ នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ចាប់ពីម៉ោង ៨ ព្រឹកតទៅ ។
អ្នកដែលក្លាយជាម្ចាស់ជើងឯកក្រុមទី២ នឹងឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករ បឺត សង្ឃឹម ដែលជាម្ចាស់ជើងឯកក្រុមទី១ បន្ទាប់ពីបានយកឈ្នះ វ៉ាន់ វឿន ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕