ហ៊ុន ឈុនហេង វិលមកសង្វៀនសារថ្មី ក្រោយបាត់មុខច្រើនឆ្នាំ
អ្នកប្រដាល់ទម្ងន់ស្រាល ហ៊ុន ឈុនហេង បានវិលមកសង្វៀនសារថ្មី ក្រោយបាត់មុខច្រើនឆ្នាំ ដោយត្រូវប៉ះអ្នកប្រដាល់ខ្មែរក្រោម រ៉ាន់ សារ៉ាយ លើទម្ងន់ ៥៤ គីឡូក្រោម នាសង្វៀន Seatv ថ្ងៃ សៅរ៍ សប្ដាហ៍នេះ ។
ហ៊ុន ឈុនហេង ជាកីឡាករនៃក្លិប តាព្រហ្មមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ជើង កាលពីឆ្នាំ ២០១៥ ។ ឆ្នាំ ២០១៧ អ្នកប្រដាល់ខេត្តបាត់ដំបង បានវិលមកសង្វៀនជាថ្មី ប៉ុន្តែប្រកួតបាន២ ទៅ៣ ប្រកួតក៏ បាត់បន្តទៀត ទើបឆ្នាំ២០២០ នេះក៏បង្ហាញវត្តមានក្នុង តារាងការប្រកួតរបស់សហព័ន្ធប្រដាល់គុនខ្មែរម្តងទៀត ។
កូនសិស្សលោក មាស សុខគ្រី រូបនេះធ្លាប់ជាជើងខ្លាំងទម្ងន់ស្រាល និងធ្លាប់ឈ្នះខ្សែក្រវាត់ និងប្រកួតអន្តរជាតិ នៅសង្វៀន CTN ផងដែរ ៕