ផល សោភ័ណ្ឌ អាចនឹងសម្រេចបំណងជួប ហ្វុនលួង ក្នុងសប្តាហ៍នេះ
ការប្រកួតដណ្តើមប្រាក់លានគោជល់កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅដោយម្ចាស់ប្រាក់លានបានទៅកីឡាករគុនខ្មែរ ស្រេង ស្រឿង ក្រោយប្រកួតឈ្នះកីឡាករថៃ ភិត សាយឈុន។ ក្នុងសប្តាហ៍នេះវិញការប្រកួតដណ្តើមប្រាក់លានគោជល់នៅសង្វៀនស៊ីអិនស៊ីនឹងប្រព្រឹត្តិធ្វើឡើងដូចធម្មតា ដោយលើកនេះកីឡាករ ផល សោ័ណ្ឌ ត្រូវចាប់ដៃជាមួយ ឌុម កែវដា ដើម្បីតទល់ជាមួយជើងខ្លាំងមកពីប្រទេសថៃ ហ្វុនលួន និង កូឡាបដាំ។
ជាមួយគ្នានោះជើងខ្លាំងគុនខ្មែរមកពីក្លឹបតាឡីដំរីមានរិទ្ធត្រូវប្រកួតជាមួយ កូឡាបដាំ ចំណែកឯ ឌុម កែវដា ត្រូវប្រកួតវិលជុំជាមួយកីឡាករមិនទាន់ស្គាល់ពាក្យថាចាញ់នៅស្រុកខ្មែរ ហ្វុនលួន សម្រាប់ជុំទីមួយ ។ អ្វីដែលគេចាប់អារម្មណ៍នោះបើសិន ផល សោភ័ណ្ឌ ឈ្នះជុំទីមួយហើយ ហ្វូនលួង ឈ្នះដែរនោះពួកគេនឹងជួបគ្នាម្តងទៀត ពីព្រោះ ផល សោភ័ណ្ឌ ធ្លាប់ចាញ់ ទាំងមិនអស់ចិត្តម្តងហើយ នឹងចង់ប៉ះកីឡាករមកពីក្លិបបុរីរ៉ាំនេះម្តងទៀតផងដែរ ។
ការប្រកួតនេះនឹងចាប់ផ្តើមនៅចុងសប្តាហ៍ថ្ងៃសៅរ៍ទី០១ ខែកញ្ញានេះ ដោយធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី វេលាម៉ោង៥នឹង៣០នាទីតទៅ៕