ប៉ែន កាក់ គុនខ្មែរគឺជាក្លឹបប្រដាល់ទី៤ដែលសម្រេចបិទក្លឹបបណ្តោះអាសន្ន
បន្ទាប់ពីក្លឹបគោព្រៃគុនខ្មែរ ក្លឹបរ៉ាហាប់ស្វាយប៉ាក និង ថ្នាលជម្រើសជាតិ បានបិទកន្លែងហ្វឹកហាត់ជាបណ្តោះអាសន្ន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការការពារជំងឺកូរ៉ូណា ឥឡូវនេះក្លឹបដែលមានប្រជាប្រិយ៍ភាព និង សំបូរកីឡាករគុនខ្មែរខ្លាំងៗ គឺក្លឹប ប៉ែន កាក់ គុនខ្មែរ ដែលដឹកនាំដោយលោក ស៊ន អេលីត ក៏បានប្រកាសរំសាយក្លឹបជាបណ្តោះអាសន្នដូចគ្នា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា។
បើយោងតាមសំដីរបស់លោក ស៊ន អេលីត ដែលជាម្ចាស់ក្លឹប ប៉ែន កាក់ គុនខ្មែរ បានប្រាប់ MSR SPORT ឲ្យដឹងថា៖ ដោយសារតែជំងឺកូរ៉ូណា កំពុងតែបង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា ហើយដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ម្យ៉ាងវិញទៀតកីឡាករក្នុងក្លឹបទាំងមូលក៏មានការភ័យខ្លាចដែលនោះ ទើបលោកសម្រេចចិត្តរំសាយការហ្វឹកហាត់ និង បិទក្លឹបជាបណ្តោះអាសន្នសិន ហើយចំពោះការបើកក្លឹបធ្វើការហ្វឹកហាត់វិញ និង ចេញសេចក្តីប្រកាសតាមពេលក្រោយទៀត៕