សង្វៀន CBS និង បាយ័ន ប្រកួតមិនមានអ្នកចូលទស្សនា ខណៈ Mas Fight ផ្អាកប្រកួត
ដើម្បីទប់ស្កាត់និងបង្ការការរាលដាលវីរុសកូវីដ១៩ កម្មវិធីប្រដាល់គុនខ្មែររបស់ក្រុមហ៊ុន CBS បានសម្រេចប្រកួតធម្មតា ប៉ុន្តែមិនអនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនានោះទេ ពោលមានតែកីឡាករ និងគណៈកម្មការរៀបចំការប្រកួតតែប៉ុណ្ណោះ ស្របពេលដែលសង្វៀនបាយ័នក៏អនុវត្តន៍ដូចនេះដែរ ចំណែកសង្វៀន Mas Fight របស់ស្ថានីយ៍ទូរទស្សន៍ ថោន សម្រេចផ្អាកការប្រកួតតែម្តង ។
ចំពោះបញ្ហានេះលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអ្នកគ្រប់គ្រងបច្ចេកទេសការប្រកួតទាំង ១៦ កម្មវិធី ក្នុង ៦ សា្ថនីយ បានប្រាប់ថា៖ «បញ្ហាផ្អាក ឬបន្តការប្រកួតជាធម្មតា គឺខាងសហព័ន្ធ មិនទាន់ហ៊ានអារកាត់ទេ ព្រោះនេះជាកម្មវិធីរបស់សង្វៀនទូរទស្សន៍ និងខាងម្ចាស់ឧបត្ថម្ភកម្មវិធី ដែលគ្រោងរួចហើយ ប៉ុន្តែបើស្ថានភាពជាក់ស្តែងនៃមេរោគកូវីដ ១៩ ឆ្លងរាលដាល ឬកើតមាន ឬមានបទបញ្ជាពីស្ថាប័នជំនាញសុខាភិបាល គេឲ្យផ្អាក យើងនឹងអនុវត្តតាមភ្លាម»។ សូមបញ្ជាក់ថា ពេលវេលានៃការប្រកួតមកធម្មតាវិញ កម្មវិធីប្រកួតទាំងអស់នឹងធ្វើការប្រកាសនៅពេលស្ថានភាពនៃ វីរុសកូវីដ១៩ត្រូវបានទប់ស្កាត់និងវិលមកភាពល្អប្រសើរវិញ ៕