
លោកគ្រូ អេភូថង ប្រាប់ហេតុផលដែល ប៉ោ ភារិទ្ធ ត្រូវតែឈ្នះជាដាច់ខាត
ការប្រកួតដណ្តើមខ្សែក្រវាត់គោជល់រាជកាលទី៩ នឹងចាប់ផ្តើមប្រកួតនៅល្ងាចថ្ងៃ សៅរ៍វេលាម៉ោង៥:៣០ល្ងាចនេះហើយ ដោយការប្រកួតធ្វើឡើងនៅសង្វៀន ស៊ីអិនស៊ី ដោយក្នុងនោះកីឡាករគុនខ្មែរ ពុយ វណ្ណៈ ប្រកួតដណ្តើមយកលេខ៣ជាមួយកីឡាករគុនថៃ ក្វាងងិន ម៉.រ៉ាជផាត់មូបានចមបឹង និង កីឡាករគុនខ្មែរ ប៉ោ ភារិទ្ធ(យ៉េន ឌីណា) ប្រកួតដណ្តើមជើងឯកជាមួយកីឡាករគុនថៃ ភិតណយ ចូរឡេមួយថៃ ។
មុននឹងការប្រកួតឈានចូលមកដល់ល្ងាចនេះ បើយោងតាមសម្តីរបស់លោក អេ ភូថង ដែលជាគ្រូបង្វឹក ប៉ោ ភារិទ្ធ បាននិយាយប្រាប់ MSR ថា សំរាប់ការប្រកួតដណ្តើមជើងឯកក្នុងថ្ងៃនេះ កូនសិស្សរបស់លោកត្រូវតែឈ្នះ១០០ភាគរយ ដោយយោងទៅលើការ ហ្វឹកហាត់ ការត្រៀមខ្លួន បានល្អណាស់ ម្យ៉ាងវិញទៀត ប៉ោ ភារិទ្ធ ក៏ត្រូវការថវិការជាចាំបាច់ ដើម្បីទៅដណ្តឹងកូនស្រីគេទៀតនោះ សរុបមក ភារិទ្ធ គឺមិនអាចខកខានដណ្តើមខ្សែក្រវាត់គោជល់នេះបានឡើយ ។
ជាមួយគ្នានេះលោក ពែកកាឃែរ ដែលជាអតីតគ្រូបង្វឹកនិងជាអ្នកមានគុណមកលើកីឡាករ ភិតណយ ក៏មានការជឿងជាក់យ៉ាងខ្លាំងដូចគ្នា ព្រោះថារយៈពេល៣ឆ្នាំហើយដែលអតីតកូនសិស្សរបស់លោកបានធ្វើដំណើរមកប្រកួតក្នុងទឹកដីកម្ពុជា តែមិនដែលទទួលបានខ្សែក្រវាត់ម្តងណាសោះ ម្យ៉ាងវិញទៀត ភិតណយ ក៏មានបំណងចង់បំបាក់ ប៉ោ ភារិទ្ធ ជាលើកទី២ក្នុងថ្ងៃដណ្តើមខ្សែក្រវាត់នេះផងដែរ៕