
ឈាន ឡុង ចាញ់នៅសង្វៀនMax Muay Thai មែន! តែទទួលបាន Bonus ផ្កាយ៣
អ្នកប្រដាល់គុនខ្មែរ ឈាន ឡុង ដែលកំពុងហ្វឹកហាត់ក្នុងខេត្តរ៉ាក់យ៉ងប្រទេសថៃ ដែលជាក្លឹបសាខារបស់អប្សារាគុនខ្មែរ បាននិយាយប្រាប់ MSR ឲ្យដឹងថា រូបគេពិតជាសោកស្តាយណាស់ចំពោះការបរាជ័យលើសង្វៀន Max Muay Thai កាលពីចុងសប្តាហ៍កន្លងទៅនេះ។
បទពិសោធន៍នៅក្មេងខ្ចី សមត្ថភាពមិនដល់គេ ដែលជាហេតុធ្វើឲ្យអ្នកប្រដាល់គុនខ្មែររូបនេះ ទទួលបរាជ័យទាំងលើកនេះគឺលើកទី២ហើយក្នុងសង្វៀនមួយនេះ តែ ឈាន ឡុង នៅតែចិញ្ចិមចិត្តខំប្រឹងហ្វឹកហាត់បន្ថែមទៀត ហើយរូបគេសង្ឃឹមថា ថ្ងៃណាមួយ រូបគេគង់តែអាចស្វែងរកជ័យជំនៈនៅលើសង្វៀនមួយនេះឲ្យទាល់តែបាន។
អ្នកប្រដាល់គុនខ្មែរ ឈាន ឡុង ក៏បាននិយាយឲ្យដឹងបន្ថែមទៀតថា ទោះបីជារូបគេបរាជ័យទាំង២លើកក្នុងសង្វៀនមួយនេះក៏ពិតមែន តែរូបគេទទួលបាន Bonus ទាំង២លើកដូចគ្នា ពោលលើកទីមួយទទួលបាន Bonus ផ្កាយមួយ និង លើកទី២ទទួលបាន Bonus ផ្កាយ៣។
សូមបញ្ជាក់ថា រាល់កីឡាករដែលប្រកួតលើសង្វៀន Max Muay Thaiទទួលបាន Bonus ផ្កាយ លុះត្រាណាកីឡាករគូនោះប្រកួតជក់ចិត្តវ៉ៃទៅវ៉ៃមក ហើយមានការពេញចិត្តនឹងគាំទ្រពីសំណាក់ទស្សនិកជន ជាមួយគ្នានោះ ផ្កាយមួយទទួលប្រាក់រង្វាន់៥ពាន់បាតលើពីតម្លៃខ្លួន នឹងផ្កាយ៣ទទួល១ម៉ឺនបាតលើពីតម្លៃខ្លួនដូចគ្នា៕