អតីតម្ចាស់ខ្សែក្រវាត់២គ្រឿងគុនខ្មែរ ឡោ សំណាង បច្ចុប្បន្នជាអ្នកបើកតាក់ស៊ីនិងអង្គរក្ស
បើនិយាយអំពីប្រិយ៍មិត្តដែលនិយមគាំទ្រនិងទស្សនាវិស័យកីឡាប្រដាល់គុនខ្មែរចាប់តាំងពីឆ្នាំ៩០ជាងឡើងប្រហែលជាធ្លាប់ស្គាល់កីឡាករ ឡោ សំណាង ព្រោះថាកីឡាករដែលមានដើមកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរូបនេះ ធ្លាប់មានឈ្មោះបោះសំលេងល្បីរន្ទឺពេញស្រុកខ្មែរតាមរយៈក្បាច់គុនខ្មែរ ពិសេសស្នៀតចេញចូលមានភាពរហ័ស ម្យ៉ាងវិញទៀតក៏ជាម្ចាស់ខ្សែក្រវាត់២គ្រឿងនៅស្រុកខ្មែរ ហើ្យក៏ជាម្ចាស់ជើងថ្នាក់ជាតិស្ទើរតែជារៀងរាល់ឆ្នាំផងដែរ។
បើតាមការរៀបរាប់របស់អតីតកីឡាករប្រដាល់ ឡោ សំណាង បានប្រាប់ MSR ឲ្យដឹងថា រូបគាត់ចាប់ផ្តើមចូលហ្វឹកហាត់នឹងឡើងប្រកួតគុនខ្មែរនៅក្នុងឆ្នាំ១៩៩៨ ហើយក៏បញ្ចប់អាជីពមួយនេះនៅឆ្នាំ២០០៦ ពោលគឺគាត់បានរួមរស់ជាមួយអាជីពប្រដាល់គុនខ្មែរត្រឹមតែរយៈពេល៨ឆ្នាំ ដោយបន្សល់នូវកេរ្ត៍ឈ្មោះបន្តិចបន្តួចនឹងខ្សែក្រវ៉ាត់២គ្រឿងតែប៉ុណ្ណោះ។
ក្រោយពីបោះបង់អាជីពជាអ្នកប្រដាល់គុនខ្មែរមក អតីតកូនសិស្សនូវសាលាគុនកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការបង្ហាត់ដោយលោកគ្រូ ទ្រឿង សុះសាយ ចាប់ផ្តើមបង្វែរទិសមកបង្កើតមុខរបរបន្តិចបន្តួច, រហូតមកដល់សព្វថៃនេះ ឡោ សំណាង គឺជាអ្នកបើកតាក់ស៊ីពីភ្នំពេញទៅប៉ោយប៉ែត ហើយពេលខ្លះក៏ឆ្លៀតពេលមកធ្វើជាអង្គរក្សការពារជនជាតិចិនមករកស៊ីនៅស្រុកខ្មែរ។
គួររំលឹកផងដែរថា អតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង ធ្លាប់ឡើងសង្វៀនប្រកួតបានចំនួន៨៩ដង ឈ្នះ៨១ ចាញ់៧ដង ស្មើ១ នឹងធ្លាប់ផ្តួលឲ្យដៃគូបោះបង់ការប្រកួតនឹងសន្លប់១១ដងនាសម័យកាលនោះ ហើយកាលពីឆ្នាំ២០១៦ក្រោមការបើកភ្លើងខៀវពីបងប្រុសរបស់លោក គឺអតីតគ្រូប្រដាល់គុនខ្មែរ ឡោ វុទ្ធី នឹងមានការជួយជ្រោមជ្រែងដោយលោក ម៉ា សេរី ទើបធ្វើអោយ ឡោ សំណាង បានបង្ហាញខ្លួន៣ប្រកួតជាលក្ខណអន្តរជាតិ ក្នុងនោះឈ្នះ១ ចាញ់១ នឹងស្មើ១ ហើយចាប់តាំងពីពេលនោះមក ឡោ សំណាង ក៏បានបាត់មុខពីសង្វៀនគុនខ្មែរម្តងទៀត រហូតដល់ពេលនេះទើបគេឃើញវត្តមានរបស់ ឡោ សំណាង តាមFacebook របស់ខ្លួនផ្ទាល់ ធ្វើជាអ្នករត់តាស៊ី និង អង្គរក្សការពារជនជាតិចិន៕