ការវិលមកសង្វៀនសារជាថ្មីរបស់ មាស ម៉ើ ត្រូវបានខកខានវិញ
ក្រោយខកខានឡើងសង្វៀនក្នុងទ្រុងអស់រយៈពេលជាយូរកីឡាករ MMA របស់កម្ពុជា មាស ម៉ើ បានសម្រេច វិលមកសង្វៀនវិញនៅថ្ងៃទី ១២ ខែ តុលា នេះដោយត្រូវប្រកួតនៅទឹកដីប្រទេសថៃ ប៉ុន្តែអ្វីៗមិនដូចបំណងនោះទេការប្រកួតនេះត្រូវបានខកខានទៅវិញសម្រាប់កីឡាករខេត្តកំពង់ធំរូបនេះ ។
មាស ម៉ើ បានប្រាប់ MSR SPORT ថា រូបគេពិតជាមានឈ្មោះនៅកម្មវិធីនោះពិតមែន ប៉ុន្តែគួរអោយស្តាយពេលនេះរូបគេមិនបានទៅប្រកួតនោះទេដោយសារថ្ងៃទី១១តុលានេះ រូបគេជាប់រវល់ការធ្វើតេស្តលើកចុងក្រោយជាមួយកីឡាករខ្មែរហាត់នៅបារាំងដើម្បីរកអ្នកខ្លាំងម្នាក់ផ្នែកខាងយូដូ ដើម្បីតំណាងអោយប្រទេសកម្ពុជាទៅប្រកួតស៊ីហ្គេមឆ្នាំ២០១៩ នេះនា ប្រទេសហ្វីលីពីន ។ មាស ម៉ើ ជាកីឡាករជម្រើសជាតិផ្នែកយូដូ និងអាចប្រកួតវិញ្ញាសាជឺជីតស៊ូ ផងដែរ ហើយរូបគេបានធ្វើតេស្តជាប់ជាច្រើនដំណាក់កាលមកហើយ ដើម្បីមានឱកាសចេញទៅប្រកួតនៅស៊ីហ្គេមឆ្នាំនេះ ។

មាស ម៉ើ (យូដូ)
សូមបញ្ជាក់ថា មាស ម៉ើ ជាកីឡាករគុនចម្រុះកម្ពុជាម្នាក់ដែលប្រកួតជាង៣០នៅទឹកដីកម្ពុជានិងថៃមិនដែលចាញ់និងធ្លាប់ឈ្នះខ្សែក្រវាត់ KWC ទៀតផង ប៉ុន្តែក្រោយពីចាញ់៣ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ One Championship ធ្វើអោយគេសម្រេច ផ្អាកការឡើងសង្វៀនតាំងពីចុងឆ្នាំ២០១៨ ៕