
ជំនួបបែលហ្ស៊ិក-អង់គ្លេស មិនត្រឹមតែដណ្តើមលេខ៣ទេ ដណ្តើមទាំងស្បែកជើងមាសទៀត
នៅយប់នេះ បែលហ្ស៊ិក និងអង់គ្លេស នឹងត្រូវជួបគ្នាជាថ្មី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៣ ពីព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក World Cup 2018 ដែលប្រទេសរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ។ ការពិតទៅក្រុមទាំង ២ ធ្លាប់ជួបគ្នាម្តងហើយ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល នាព្រឹត្តិការណ៍ World Cup នេះ ដោយកាលណោះ បែលហ្ស៊ិក បានប្រកួតឈ្នះ អង់គ្លេស ១ទល់នឹង ០ ប៉ុន្តែពេលនោះ យើងនៅចាំបានថា ក្រុមទាំង២ បានដាក់កីឡាករជម្រើសទី២តែប៉ុណ្ណោះឲ្យចូលលេង ព្រោះពេលនោះ ក្រុមទាំង២ មានពិន្ទុមាំក្នុងដៃ ដើម្បីឡើងដល់វគ្គ ១៦ក្រុមចុងក្រោយទៅហើយ។ សូមរម្លឹកជូនថា បែលហ្ស៊ិក និងអង់គ្លេស ស្ថិតក្នុងពូល G ជាមួយគ្នាក្នុងព្រឹត្តិការណ៍ World Cup 2018 រួមជាមួយប្រទេស ២ទៀត គឺទុយណេស៊ី និងប៉ាណាម៉ា។
យប់នេះ ក្រៅតែពីការកាត់សេចក្តីដោយយកចំណាត់ថ្នាក់លេខ ៣ សម្រាប់ប្រទេសរៀងៗខ្លួន កីឡាករ ២រូប គឺ Harry Kane របស់អង់គ្លេស វ័យ ២៤ឆ្នាំ និង Romelu Lukaku របស់បែលហ្ស៊ិក វ័យ ២៥ឆ្នាំ ដែលកំពុងមានគ្រាប់បាល់ប្រហាក់ប្រហែលគ្នា ក៏ត្រូវតែប្រឹងប្រែងដើម្បីដណ្តើមរង្វាន់ស្បែកជើងមាស ឬ Golden Boot ពីព្រឹត្តិការណ៍នេះផងដែរ។
Harry Kane មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានគ្រាប់បាល់ស៊ុតបញ្ជូលទីចំនួន ៦គ្រាប់ ដែល ៣គ្រាប់ជាការស៊ុតគ្រាប់ពិន័យប៉េណាំងទី ១១ម៉ែត្រ (មិនរាប់បញ្ជូលការស៊ុតបាល់វគ្គកាត់សេចក្តីដោយប៉េណាំងទី បន្ទាប់ពីវគ្គថែមម៉ោង) និង ៣គ្រាប់ទៀត រកបានដោយការជួយ assist និងរកបានដោយខ្លួនឯង។ សូមរម្លឹកបន្តិច ពីប្រវត្តិរកគ្រាប់បាល់បានក្នុងព្រឹត្តិការណ៍ World Cup 2018 របស់ Harry Kane៖
- អង់គ្លេស 2-1 ទុយណេស៊ី (Harry Kane ស៊ុតបាល់ប៉េណាំងទី បាន ២គ្រាប់)
- អង់គ្លេស 6-1 ប៉ាណាម៉ា (Harry Kane ស៊ុតបញ្ជូលទីបាន ៣គ្រាប់ ដែល ២គ្រាប់ជាគ្រាប់បាល់ប៉េណាំងទី និង ១គ្រាប់រកបានដោយខ្លួនឯង)
- អង់គ្លេស 1-1 កូឡុំប៊ី (Harry Kane ស៊ុតបញ្ជូលទីបាន ១គ្រាប់ ដែលជាគ្រាប់បាល់ប៉េណាំងទី)
ចំណែក Romelu Lukaku មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គេស៊ុតបញ្ជូលទីបាន ៤គ្រាប់ ដោយសុទ្ធតែជាគ្រាប់រកបានដោយខ្លួនឯង។ សូមរម្លឹកបន្តិចពីប្រវត្តិរកគ្រាប់បាល់ក្នុងព្រឹត្តិការណ៍ World Cup 2018 របស់ Lukaku៖
- បែលហ្ស៊ិក 3-0 ប៉ាណាម៉ា (Lukaku ស៊ុតបញ្ជូលទីបាន ២គ្រាប់)
- បែលហ្ស៊ិក 5-2 ទុយណេស៊ី (Lukaku ស៊ុតបញ្ជូលទីបាន ២គ្រាប់)
យ៉ាងណាក៏ដោយ សម្រាប់គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក លោក Martinez បានបញ្ជាក់ថា លោកមិនចង់ឲ្យ Lukaku ផ្តោតទៅលើពានរង្វាន់ Golden Boot ខ្លាំងពេកនោះទេ ពោលគឺលោកចង់ឲ្យក្រុមទាំងមូល ដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ខណៈអង់គ្លេស ដែលធ្លាប់ប្តេជ្ញាថានឹងយកពានរង្វាន់ World Cup 2018 ត្រលប់ទៅផ្ទះវិញ បានអះអាងថា គេនឹងយកលេខ ៣ឲ្យបាន បំណាច់ថាមិនបានលេខ ១។
ក្រៅពីកីឡាករទាំង ២ដែលមានគ្រាប់បាល់ប្រកៀកប្រកិតគ្នា ក៏នៅមានកីឡាករផ្សេងទៀត ដែលអាចរកគ្រាប់បាល់បាន ៤គ្រាប់ពី World Cup 2018 ដូចជា Cristiano Ronaldo រកបាន ៤គ្រាប់ឲ្យព័រទុយហ្កាល់ ប៉ុន្តែហាលអាវត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ ចំណែក D.Cheryshev របស់រុស្ស៊ី រកបាន ៤គ្រាប់ដែរ ប៉ុន្តែហាលអាវត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ ដោយឡែកកីឡាករដែលនៅបន្តផ្សេងទៀត ហើយរកបាន ៣គ្រាប់ រួមមាន Kylian Mbappe និង Antoine Griezmann របស់បារាំង ដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជួបជាមួយ ក្រូអាស៊ី។ យើងមិនអាចដឹងទេថា ប្រសិនបើកីឡាករទាំង២នេះ រកបានម្នាក់ ៣គ្រាប់ ក្នុងការប្រកួតចុងក្រោយ នោះគេក៏ប្រហែលជាអាចមានឱកាសសម្រាប់ Golden Boot Award ដូចគ្នា។ ប៉ុន្តែរឿងនេះ ទំនងជាពិបាកបន្តិច!
គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី ១៤ខែកក្កដានេះ តាមរយៈការប្រកួតចំនួន ៦២ប្រកួត គឺមានគ្រាប់បាល់ចំនួន ១៦១គ្រាប់ ត្រូវបានស៊ុតបញ្ជូលទីក្នុងព្រឹត្តិការណ៍ World Cup 2018 ដែលបានបើកដំណើរការតាំងពីថ្ងៃទី ១៤ខែមិថុនា នៅប្រទេសរុស្ស៊ី៕