ក្រោយឈ្នះជើងឯក Wimbledon រួច Djokovic តាមស្មើកំណត់ត្រា Federer និង Nadal
Novak Djokovic បានក្លាយជាម្ចាស់ពានរង្វាន់ Wimbledon ប្រចាំឆ្នាំ២០២១ ក្រោយឈ្នះកីឡាករលំដាប់ទី៨ពិភពលោក Matteo Berrettini របស់អ៊ីតាលីក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ដោយលទ្ធផល ៦-៧, ៦-៤, ៦-៤ និង ៦-៣។
ជ័យជម្នះនេះមានន័យថា កីឡាករលំដាប់ទី១ពិភពលោក Djokovic ឈ្នះ Wimbledon ជាលើកទី៦ និងជាពានរង្វាន់កម្រិត Grand Slam ទី២០ក្នុងអាជីពវាយកូនបាល់របស់បុរសជនជាតិស៊ែបរូបនេះ ស្មើកំណត់ត្រារបស់ជើងខ្លាំងស្វីស Roger Federer និងតារាឆ្នើមអេស្ប៉ាញ Rafael Nadal។
ដោយបានឈ្នះពាន Australian Open និង French Open រួចទៅហើយក្នុងឆ្នាំ២០២១នេះ Djokovic វ័យ៣៤ឆ្នាំជាកីឡាករទី៥ ដែលឈ្នះពានរង្វាន់ Grand Slam ធំៗ៣ជាបន្តបន្ទាប់ក្នុងមួយឆ្នាំ បន្ទាប់ពីលោក Rod Laver ធ្វើបានក្នុងឆ្នាំ១៩៦៩។ ប្រសិនបើ Djokovic ឈ្នះពានរង្វាន់ US Open 2021 ថែមទៀតនោះ គឺនឹងជាប់ឈ្មោះក្នុង Golden Slam។
មានតែកីឡាការិនីអាល្លឺម៉ង់ Steffi Graf ដែលឈ្នះគ្រប់ពានកម្រិត Grand Slam និងមេដាយអូឡាំពិក ក្នុងរដូវកាលតែមួយ កាលឆ្នាំ១៩៨៨៕