នាគមាស ឃីម បូរ៉ា បានទទួលខ្សែក្រវាត់គោជល់ រួមទាំងប្រាក់រង្វាន់ រួចរាល់ហើយ
នៅថ្ងៃនេះស្ថានីយ៍ទូរទស្សន៍ CNC និងក្រុមហ៊ុនភេស្ជជ:គោជល់ បានរៀបចំកម្មវិធីប្រគល់ ខ្សែក្រវាត់ អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រួមទាំងប្រាក់រង្វាន់ទៅអោយ ឃីម បូរ៉ា និង ពានជូន ម៉ឺន មេឃា បន្ទាប់ពីសហព័ន្ធគុនខ្មែរធ្វើការសម្រេចក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កន្លងមក ។ រយៈពេល ២៤ ម៉ោង បន្ទាប់ពីបញ្ចប់លទ្ធផលប្រកួតចប់វគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់គោជល់កាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ឬស្សីកែវ រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា ។ សហព័ន្ធគុនខ្មែរ បានសម្រេចថា មិនលើកពេលប្រកួតនោះទេ ដោយសម្រេចផ្តល់ជើងឯកទៅ ឃីម បូរ៉ា តែម្តង ។
គួររំលឹកថា ឃីម បូរ៉ា ត្រូវ ម៉ឺន មេឃា លើកបោកនៅចុងទឹកទី៣ ក្នុងជំនួបដណ្តើមខ្សែក្រវាត់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដែលទម្រង់នៃការបោកនោះ គឺខុសទាំងស្រុងទៅនឹងលក្ខណ:ច្បាប់គុនខ្មែរ ។
គ្រានោះការសម្រេចបឋមរបស់ CNC និងសហព័ន្ធគុនខ្មែរ គឺត្រូវលើកការប្រកួតចំនួន២សប្តាហ៍ ដើម្បីបញ្ជាក់សមត្ថភាព ពិតរបស់កីឡាករទាំងពីរ ។ បន្ទាប់ពីពិនិត្យឡើងវិញ ទើបសហព័ន្ធគុនខ្មែរបានផ្តល់ការកាត់ក្តីចុងក្រោយអោយ ឃីម បូរ៉ា ជាអ្នកឈ្នះតែម្តង ។
ការប្រគល់ផ្លូវការបានធ្វើឡើងនៅព្រឹកថ្ងៃនេះ រួចរាល់ហើយ ដោយមានការសម្របសម្រួលពីលោក ស៊ីថូ ណាថាន់ ប្រធានផ្នែកកីឡា CBS ដោយដំណើរការតាមផែនការយ៉ាងរលូនរវាងភាគីទាំងពីរ ផងដែរ ។ ឃីម បូរ៉ា ទទួលបានខ្សែក្រវាត់១គ្រឿង អមដោយប្រាក់រង្វាន់ ២០ លានរៀល ចំណែក ម៉ឺន មេឃា ជើងឯករង ទទួលបាម ៨ លានរៀល ។ នាគមាស បានបង្ហាញអារម្មណ៍ សរសើរពីការរីកចំរើនសមត្ថភាពរបស់ ម៉ឺន មេឃា ហើយកូនប្រុសលោក អេ ភូថង បានបង្ហាញពីការសោកស្តាយចំពោះហេតុការនោះដែលធ្វើអោយបាត់បង់ខ្សែក្រវាត់។
ខ្សែក្រវាត់នេះនឹងដាក់អោយ ឃីម បូរ៉ា ប្រកួតការពារនៅពេលសមស្របណាមួយ ដោយជ្រើសរើសកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់មកដណ្តើម ៕