ប្រធានផ្នែកថែទាំទីលានរបស់ Real Madrid ប្រកាសលាឈប់
លោក Paul Burgess បានសម្រេចចិត្តលាឈប់ពីតំណែងប្រធានផ្នែកមើលថែទីលានរបស់ Real Madrid ហើយដោយសារបញ្ហាផ្ទាល់ខ្លួន។ នេះបើតាមការផ្សាយពី Marca នៅថ្ងៃពុធ ទី២៣ ខែធ្នូ។
បុរសជនជាតិអង់គ្លេសបានចូលធ្វើការនៅកីឡដ្ឋាន Santiango Bernabeu និង Valdebebas រយៈពេល១២ឆ្នាំមកហើយ ដោយចាកចេញពី Arsenal មកកាន់ Real Madrid និងរួមចំណែកថែរក្សាគុណភាពទីលានដែលក្រុមអេស្ប៉ាញឈ្នះពានរង្វាន់ La Liga និង UEFA Champions League យ៉ាងច្រើនតាំងពីពេលនោះមក។
លោក Paul រៀបរាប់បែបនេះ “៖ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំសម្រាប់ Real Madrid ដែលរយៈពេល១២ឆ្នាំមកនេះជាពេលដ៏ជោគជ័យមួយសម្រាប់ក្លិប។ ១២ឆ្នាំមកនេះពិតជាអស្ចារ្យណាស់សម្រាប់អាជីពការងាររបស់ខ្ញុំ។ ក្រោយរួមចំណែកទទួលបានផ្លែផ្ការួចមក ខ្ញុំចង់ស្វែងរកការប្រកួតប្រជែងថ្មីមួយទៀត។ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្លិប, ក្រុមការងារទាំងអស់ និងកីឡាករ ជាពិសេសអ្នកក្រោមឱវាទរបស់ខ្ញុំ។ ខ្ញុំសូមជូនពរក្លិបទទួលបានជោគជ័យបន្តទៀត។”
គួរដឹងដែរថា ចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២០មក Real Madrid បានប្រើប្រាស់កីឡដ្ឋានមួយទៀតឈ្មោះថា Alfredo Di Stefano ដោយសារតែ Santiago Bernabeu ត្រូវបានកែលម្អឡើងវិញ៕