
អ្នកគាំទ្រអង់គ្លេសរាប់ពាន់នាក់ ដាក់ញ្ញត្តិសុំឲ្យបំពាក់សក្តិយសដល់លោក Gareth Southgate
ទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មិនអាចសមតាមបំណង ក្នុងការនាំយកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 មកផ្ទះវិញក៏ដោយ ប៉ុន្តែអ្នកគាំទ្រអង់គ្លេសជាច្រើនពាន់នាក់ បានចាត់ទុកថាអង់គ្លេសធ្វើបានល្អបំផុតហើយ។ អង់គ្លេស ២០១៨ ដែលប្រមូលផ្តុំដោយកីឡាករក្មេងៗ ភាគច្រើនវ័យក្រោម ២៥ឆ្នាំ និងដឹកនាំដោយគ្រូបង្វឹកវ័យ ៤៧ឆ្នាំ លោក Gareth Southgate បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គិតចាប់ពីឆ្នាំ ១៩៩០មក។
វាអាចជាភាពអាម៉ាស់បន្តិចសម្រាប់គ្រូបង្វឹក និងកីឡាករអង់គ្លេស ដែលត្រូវចាញ់ក្រូអាស៊ី ២ទល់នឹង១ ក្នុងវគ្គថែមម៉ោង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបជាមួយបារាំងបាន។ ប៉ុន្តែសម្រាប់អ្នកគាំទ្រ លោក Gareth Southgate គួរតែទទួលបានកិត្តិនាមជាវីរបុរស គួរតែមានការបំពាក់សក្តិយសពីម្ចាស់ក្សត្រី របស់រាជាណាចក្រអង់គ្លេស។ មានហេតុផលជាច្រើន ដែលអ្នកគាំទ្រ បានសរសេរក្នុងញ្ញត្តិមួយស្នើសុំឲ្យមានការផ្តល់រង្វាន់កិត្តិយសណាមួយដល់លោក Gareth Southgate និងក្រុមកីឡាករជម្រើសជាតិអង់គ្លេស ពីព្រោះគេគិតថា អង់គ្លេស ២០១៨ បានធ្វើឲ្យប្រិយមិត្តជាច្រើន ទាំងក្នុងប្រទេសអង់គ្លេស និងជុំវិញពិភពលោក រំភើបរីករាយ និងសាទរជាច្រើនប្រកួតមកហើយ ទោះបីជាមិនអាចឈ្នះពានរង្វាន់ក៏ដោយ។
មកដល់ថ្ងៃនេះ ញ្ញាត្តិដែលមានការចុះហត្ថលេខាដោយមនុស្សចំនួន ៦,០០០នាក់ ក្នុងគោលដៅមនុស្ស ៧,៥០០នាក់ ដើម្បីដាក់ទៅកាន់សហព័ន្ធបាល់ទាត់អង់គ្លេសនោះ បានសរសេររៀបរាប់ថា៖
«យើងបានធ្លាក់ដោយសារក្រូអាស៊ី ប៉ុន្តែតោទាំង៣ (Three Lions) នឹងត្រលប់មកផ្ទះវិញ ជាមួយមុខមាត់ខ្ពស់មួយ បន្ទាប់ពីបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងតាំងពីឆ្នាំ ១៩៩០មក។ លោក Gareth ត្រូវតែទទួលបានសក្តិយសអ្វីមួយសម្រាប់ការងារដែលគាត់បានធ្វើ។ គាត់គឺជាមនុស្សតែម្នាក់គត់ ដែលបាននាំក្រុមជម្រើសជាតិយើង ដែលកន្លងមកតែងតែធ្វើឲ្យយើងអន់ចិត្ត ក្លាយជាក្រុមដែលយើងគួរតែមានមោទនភាពជាមួយ។ … គួរតែគ្មានការបន្ទោសទៀតទេ សម្រាប់ទម្រង់លេងអន់របស់យើង។ គួរតែមិនមានការពិភាក្សាទៀតទេ ថាកីឡាករយើង គ្មានគ្រូបង្វឹកល្អ។ … លោក Gareth លោកបានធ្វើឲ្យអារម្មណ៍របស់ពួកយើង ភ្លេចគិតពីរឿង Brexit រឿងរលកកម្តៅ និងរឿងរបស់លោក Pat Phelan ហើយលោកគួរតែទទួលបានរង្វាន់កិត្តិយសមួយ។ លោកជាអ្នកកីឡាពិតៗ ហើយជាសុភាពបុរស (A True Sportsman, a true gentleman)។ យើងសុំចុះហត្ថលេខាផ្តល់សក្តិយស (the knighthood) សម្រាប់លោក Gareth Southgate ឲ្យសមនឹងអ្វីដែលលោកគួរតែបាន។» (បកប្រែក្រៅផ្លូវការ)
ក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីចប់ការប្រកួតជាមួយក្រូអាស៊ី លោក Gareth Southgate បាននិយាយថា៖ «ខ្ញុំមិនគិតថាមនុស្សទាំងអស់ បានយល់ពីកីឡាករយើងជំនាន់មុននោះទេ។ ការពិតទៅ ពួកគាត់ខ្វល់ខ្វាយពីការលេងឲ្យប្រទេសជាតិរបស់ពួកគាត់ណាស់ ហើយពួកគាត់ពិតជាមានភាពចាស់ទុំ។ ពួកគាត់ជាកីឡាឆ្នើមៗ ប៉ុន្តែពួកគាត់មិនទាន់បានមកដល់កន្លែងដែលយើងបានមកដល់នេះទេ។ ដូច្នេះ យើងអាចដឹងថា ដំណើររបស់ពួកយើងគឺដើរលើទិសដៅត្រូវហើយ (ទោះបីជាយើងមិនអាចបានពាន World Cup មែន)។ … យើងបានធ្វើឲ្យមនុស្សជាច្រើនសប្បាយចិត្ត ប៉ុន្មានសប្តាហ៍មុននេះ។»
សូមបញ្ជាក់ថា អង់គ្លេស នឹងត្រូវប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup 2018 នៅវេលាម៉ោង ៩យប់នេះ (គិតម៉ោងក្នុងប្រទេសកម្ពុជា) ដោយត្រូវជួបគ្នាជាមួយបែលហ្ស៊ិក ដណ្តើមយកលេខ៣។ ជុំវិញចំណាត់ថ្នាក់នេះ លោក Southgate ក៏បានប្តេជ្ញាចិត្តថា លោកនឹងនាំកូនក្រុមរបស់លោក ដណ្តើមចំណាត់ថ្នាក់លេខ ៣ពីបែលហ្ស៊ិកឲ្យបាន៕