នាយកប្រតិបត្តិផ្នែកកីឡា លោក Dan Ashworth ចង់ចាកចេញពីក្លឹបសារិកាទៅកាន់ក្លឹបបក្សបិសាច
លោក Dan Ashworth ចង់ ចាកចេញពីក្លឹប Newcastle United ដើម្បីទៅចូលរូមជាមួយបក្សបិសាចក្រហម Manchester United ក្នុងតំណែងជានាយកប្រតិបត្តិផ្នែកកីឡា ។
លោក Ashworth បានជូនដំណឹងដល់ Newcastle United រួចរាល់ហើយ អំពីការសម្រេចចិត្តរបស់គាត់នៃការចាកចេញកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែមានបញ្ហាចម្បងមួយក្នុងការនាំយកគាត់មកនោះគឺលោក Dan Ashworth ពេលនេះកំពុងជាប់កិច្ចសន្យាជាមួយនឹង Newcastle ដែលជាហេតុនាំឲ្យ Man United ត្រូវតែបង់ទឹកប្រាក់ 20លានផោន បើសិនជាចង់បានរូបគាត់។ ក្នុងករណីថាបើសិនជា Newcastle United ចង់បញ្ឈប់ Ashworth មិនឲ្យចាកចេញនោះ ពួកគេនឹងត្រូវបន្តផ្តល់ប្រាក់ឈ្នួលពេញសម្រាប់រយៈពេលនៃការឈប់សម្រាកលំហែកាយរបស់គាត់។
សម្រាប់បទពិសោធន៍របស់លោក Ashworth វិញគាត់គឺជានាយកផ្នែកបច្ចេកទេសរបស់ក្លឹប Brighton កាលពីឆ្នាំ2019 នឹងចាកចេញពីក្លឹបក្នុងឆ្នាំ 2022។ ក្នុងចន្លោះពេលនោះលោក Ashworth បានបង្កើតកេរ្តិ៍ឈ្មោះដ៏ល្អនៅក្នុងផ្នែកនានារបស់ក្លឹបដូចជាការជ្រើសរើសកីឡាករ និងការកសាងរចនាសម្ព័ន្ធដែលមានប្រសិទ្ធភាពខ្ពស់។
កិច្ចព្រមព្រៀងចូលកាន់កាប់ 25% របស់ Ratcliffe ត្រូវបានប្រកាសដោយក្លឹបនៅថ្ងៃទី 24 ខែធ្នូ ហើយ INEOS កំពុងបង្កើតសញ្ញានៃការផ្លាស់ប្តូររបស់ពួកគេបណ្តើរៗរួចហើយដោយបាននាំយកបុគ្គលល្អៗមួយចំនួនមកកាន់ក្លឹបដូចជា លោក Omar Berrada ពីក្លឹប Man City ហើយគាត់នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្លឹប, លោក Jean-Claude Blanc នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន INEOS និងលោក David Brailsford ជានាយកផ្នែកកីឡា។