រឿងគួរចាប់អារម្មណ៍ពីកីឡាករចំណូលថ្មីវិសាខា២រូប
រយៈពេល២ថ្ងៃមកនេះ ក្លិបបាល់ទាត់វិសាខាបានប្រកាសពីការនាំចូលកីឡាករថ្មី២រូប គឺខ្សែប្រយុទ្ធ Kenjok Athiu និងខ្សែបម្រើស្លាប ឡេង ណូរ៉ា។
Kenjok Athiu ជាកីឡាករដើមកំណើតស៊ូដង់ខាងត្បូង និងមានសញ្ជាតិអូស្ត្រាលី បន្ទាប់ពីផ្លាស់ទៅរស់នៅទីនោះតាំងពីអាយុ១១ឆ្នាំ។ គេធ្លាប់លេងឲ្យក្លិបមួយចំនួននៅអូស្ត្រាលី ជាពិសេសធ្លាប់លេងជាមួយអ្នកចាត់ការជម្រើសជាតិកម្ពុជា លោក Keisuke Honda នៅក្លិប Melbourne Victory ទៀតផង។
ឆ្នាំ២០២១ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំលេងនៅក្លិប Sri Pahang នៃលីគកំពូលម៉ាឡេស៊ី។ អ្វីគួរចាប់អារម្មណ៍នោះ គឺគេបានក្លាយជាកីឡាករមានកម្ពស់ជាងគេនៅលីគកំពូលកម្ពុជា បន្ទាប់ពីចូលរួមជាមួយវិសាខា ដោយមានកម្ពស់២ម៉ែត្រ១។
ទន្ទឹមនឹងនេះ ការមកដល់របស់ខ្សែបម្រើស្លាប ឡេង ណូរ៉ា នៅកីឡដ្ឋានព្រីនស៍ ធ្វើឲ្យសមាជិកជម្រើសជាតិកម្ពុជារូបនេះក្លាយជាកីឡាករក្មេងជាងគេនៅក្រុមធំវិសាខា ពោលមានអាយុ១៧ឆ្នាំ ៤ខែ និង៧ថ្ងៃ។
កីឡាករកូនកាត់ខ្មែរហ្គាណាបានដុះដាលចេញពីថ្នាលយុវជនវិសាខា មុនផ្លាស់ទៅព្រៃវែងឆ្នាំ២០២០ ដល់២០២១៕