គួរឲ្យស្ដាយ! Messi ដាច់មុខទីទៅហើយ បែរទាត់មិនចូល
ក្នុងនាទី៣៦ Lionel Messi មានឱកាសពិសេសមួយក្រោយពីទទួលការបញ្ជូនយ៉ាងល្អដោយ Sergio Busquets តែគេបែរជាទាត់ទៅផុតអ្នកចាំទី Aaron Escandell របស់ Granada វិញ។
បើតាមសារព័ត៌មានវៀតណាម Zing ការខកខានឱកាសពិសេសនេះធ្វើឲ្យមានការប្រៀបរូបគេទៅនឹង Cristiano Ronaldo។
អ្នកខ្លះបញ្ចេញមតិថា កាល៣ឆ្នាំមុន Ronaldo បានជួយ Real Madrid វាយបកបានលទ្ធផលល្អ ធ្វើឲ្យអ្នកគាំទ្រគូប្រជែងទះដៃអបអរថែមទៀត។ ផ្ទុយទៅវិញ សម្រាប់ Messi បែរជាទាត់មិនចូលពេលដាច់មុខទី។
តាមពិតទៅ ខ្សែប្រយុទ្ធ Barcelona រូបនេះបានទាត់ចូលមួយគ្រាប់មុនទៅហើយក្នុងនាទី២៣ ក្រោយពីការបង្កើតឱកាសយ៉ាងល្អដោយ Antoine Griezmann។ យ៉ាងណា ការនាំមុខរបស់ Barca បានត្រឹមនាទី៦៣ ដោយ Dawin Machis តាមស្មើសម្រាប់ Granada។
ដល់នាទី៧៩ ការតែតមិនដល់ពី Gerard Pique ពីការលើករបស់ Adrian Marin ធ្វើឲ្យ Jorge Molina មានឱកាសតែតបន្តបញ្ចូលទី និងជាគ្រាប់ជ័យជម្នះរបស់ Granada។
លទ្ធផលបរាជ័យនេះធ្វើឲ្យ Barcelona ខកខានឱកាសឡើងកំពូលតារាងជំនួស Atletico Madrid។ ក្រុមលោក Ronald Koeman បន្តតាមពីក្រោយ ATM ២ពិន្ទុ ក្នុងការប្រកួតបង្គ្រប់សប្ដាហ៍ទី៣៣៕