លោក ភា សុភ័ក្ត្រា បកស្រាយមូលហេតុ U22 កម្ពុជាទៅហាត់នៅថៃ
បន្ទាប់ពីឆ្លងកាត់ការពិភាក្សាយ៉ាងល្អិតល្អន់មក ក្រុមការងារជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំបានសម្រេចចិត្តបញ្ជូនបេក្ខជន៣០រូបទៅហ្វឹកហាត់នៅកោះសាមុយប្រទេសថៃ។ នេះបើតាមការបញ្ជាក់ពីគ្រូជំនួយជម្រើសជាតិ លោក ភា សុភ័ក្ត្រា។
គ្រូជំនួយដដែលសង្កត់ធ្ងន់ថា ការហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ព្រោះចង់ឲ្យកីឡាករប្រមូលអារម្មណ៍ខ្ពស់ ដូចក្រុមធំៗមួយចំនួនដែលតែងតែធ្វើបែបនេះអំឡុង pre-season។ លោកថា វាងាយស្រួលក្នុងការរៀបចំក្រុម ឬ Team Building និងចង់ឲ្យកីឡាករទម្លាប់ក្នុងការត្រៀមខ្លួន។ ការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១នេះផ្ដោតលើកាយសម្បទា។ ម្យ៉ាងនៅទីនោះក៏មានឧបករណ៍ល្អៗ ហើយហាត់២ពេល និងមាន gym ខ្លីៗ។
ទន្ទឹមនឹងនេះក៏នឹងមានប្រកួតមិត្តភាពជាមួយក្រុមនៅថៃដើម្បីឲ្យកីឡាករយល់កាន់តែច្បាស់ និងឈានទៅវាយតម្លៃជម្រុះកីឡាករផងដែរ។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំចំនួន៣០នាក់នឹងចាកចេញពីប្រទេសនៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ៕