វិរៈបុរស Peter Whittingham របស់ Cardiff ឋិតក្នុងបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីមានគ្រោះថ្នាក់ដោយចៃដន្យក្នុងហាងមួយកន្លែង
(BC-99)
ប៉ូលីស South Wales បានបញ្ជាក់ថាអតីតខ្សែបម្រើក្លឹបចាបខៀវរូបនេះនៅមានជីវិតនៅឡើយទេ ដែលនេះគឺជាការឆ្លើយតបទៅនឹងពាក្យចាមអារ៉ាមថាគាត់បានទទួលមរណភាពនិងត្រូវបានគេយកទៅផ្សព្វផ្សាយនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃអង្គារ។
វិរៈបុរសរបស់ក្លឹបចាបខៀវ Cardiff City លោក Peter Whittingham កំពុងតស៊ូនឹងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីបានរអឹលដួលដោយចៃដន្យនៅឯហាងស្រាមួយកន្លែង។ Whittingham ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ Cardiff’s Heath ដោយពុំទាន់ដឹងខ្លួននៅឡើយទេចាប់តាំងពីលោកទទួលរងគ្រោះថ្នាក់រហូតមកដល់ពេលនេះ។

Peter Whittingham ជាមួយ Luis Suarez
នៅថ្ងៃនេះដែរប៉ូលីស South Wales បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីអ្វីដែលបានកើតឡើងចំពោះ Whittingham ថា “នៅម៉ោងប្រហែល ១០ យប់ថ្ងៃទី ៧ ខែមីនាប៉ូលីស South Wales ត្រូវបានគេហៅទៅកន្លែងកើតហេតុ ។ នៅទីនោះមានបុរសអាយុ ៣៥ ឆ្នាំជាអ្នកស្រុក Penarth បានរងរបួសក្បាលដែលបណ្តាលមកពីការដួលនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ University of Wales ក្រុង Cardiff នាពេលបច្ចុប្បន្ន។ មកដល់ពេលនេះសមត្ថកិច្ចមិនមានភស្តុតាងអំពីបទឧក្រិដ្ឋណាមួយទេហើយវាបង្ហាញថាការរងរបួសនេះបណ្តាលមកពីការរអឹលធ្លាក់ដោយចៃដន្យ។ ទោះជាយ៉ាងណាក៏ដោយក៏សមត្ថកិច្ចនៅបន្តការស៊ើបអង្កេតរហូតដល់មានភស្តុតាងជាក់លាក់។”

Peter Whittingham ជាមួយ Salah
អតីតកីឡាកររូបនេះបានបង្ហាញខ្លួនចំនួន ៤១៣ ដងអោយក្រុម Cardiff ដោយស៊ុតបញ្ចូលទីបាន ៨៥ គ្រាប់ក្នុងអាជីពរយៈពេល ១០ ឆ្នាំនៅ រាជធានី ប្រទេសវែលស៍។ លោកបានជួយក្រុមដែលមានរហស្សនាម Bluebirds ឡើងទៅកាន់ក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងឆ្នាំ ២០១៣ និងក៏បានជួយពួកគេឱ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងឆ្នាំ ២០០៨ និងវគ្គផ្តាច់ព្រ័ត្រ League Cup កាលពីឆ្នាំ ២០១២ ។ នៅឆ្នាំ ២០១៧ លោកក៏បានចាកចេញទៅចូលរួមជាមួយ Blackburn Rovers ជាកន្លែងដែលលោកបង្ហាញខ្លួនប្រកួតបានចំនួន ២០ ដង។ ហើយអ្វីដែលជារឿងគួរអោយសង្វេគថែមទៀតនោះគឺភរិយារបស់ Whittingham នាង Amanda ក៏កំពុងតែមានផ្ទៃពោះជិតដល់ពេលសម្រាលទៀតផង។

Peter Whittingham ពេលជាកីឡាកររបស់ Blackburn Rover