ប៉ូលិស Manchester ស៊ើបអង្កេត Giggs ពីបទបំពានមិត្តស្រី
សារព័ត៌មាន the Sun និង Metro រាយការណ៍ថា លោក Ryan Giggs ត្រូវបានសមត្ថកិច្ចក្រុង Manchester បើកការស៊ើបអង្កេតពីបទហិង្សាលើមិត្តស្រី Kate Greville។
ហេតុការណ៍នេះកើតឡើងពេលគ្រូបង្គោលជម្រើសជាតិវេលស៍ខាងលើទៅមើលការប្រកួតរបស់ក្លិបចាស់ Manchester United តទល់ Arsenal កាលថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា។
ប៉ូលិសមួយរូបប្រាប់ថា “៖នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា យើងបានទទួលរបាយការណ៍ពីហេតុការណ៍ដែលបណ្ដាលឲ្យស្ត្រីម្នាក់រងរបួស តែមិនដល់ថ្នាក់ចូលមន្ទីរពេទ្យទេ។”
យោងតាមប្រភពដដែល Giggs ត្រូវបានចោទសួរនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា។
អតីតខ្សែបម្រើ Manchester United បានចែកផ្លូវគ្នាជាមួយភរិយាឈ្មោះ Stacey Cooke នៅឆ្នាំ២០១៧ ហើយគ្រាដដែលនោះ ក៏ចាប់ផ្ដើមទំនាក់ទំនងជាមួយនាង Kate Greville។
បុរសវ័យ៤៦ឆ្នាំទទួលបានការសាទរយ៉ាងខ្លាំងក្នុងអាជីពជាកីឡាករ ដោយរួមចំណែកជួយ Man UTD ឈ្នះ Premier League ១៣ដង, UEFA Champions League ពីរលើក និងពានរង្វាន់យ៉ាងច្រើនទៀត។
ផ្ទុយទៅវិញ ក្នុងជីវិតឯកជនរបស់លោកពិតជាមានភាពស្មុគស្មាញខ្លាំង ដោយថែមទាំងមានជាប់់ពាក់ព័ន្ធរឿងអាស្រូវទាក់ទងប្រពន្ធប្អូនប្រុសបង្កើតខ្លួនរយៈពេល៨ឆ្នាំទៀត៕