Fabio Capello ទើបតែបង្ហើបឲ្យដឹងថា៖ លោកជិតបានជំនួសតំណែង Ferguson ទៅហើយ!
លោក Fabio Capello ដែលជាអតីតគ្រូ Real Madrid, Juventus, Roma។ល។ បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកជិតនឹងជំនួសតំណែងលោក Sir Alex Ferguson នៅ Manchester United ទៅហើយកាលពីឆ្នាំ ២០០១/២០០២ នេះបើយោងតាមលោក Capello បានបង្ហើបប្រាប់ក្នុងបទសម្ភាសន៍ជាមួយ។ រឿងនោះបានកើតឡើងនៅពេលដែល លោក Ferguson បានអះអាងនៅមុនរដូវកាល ២០០១/០២ ថា លោកមានគម្រោងនឹងចាកចេញពីក្លឹបហើយចូលនិវត្តន៍ពីបាល់ទាត់។ ដំណឹងនេះហើយ ដែលជាហេតុធ្វើអោយក្លិបបិសាចក្រហម ចាប់ផ្តើមពិភាក្សាគ្នារកអ្នកមកស្នងតំណែងបន្ទាប់ ដោយក្នុងនោះលោក Capello គឺជាគោលដៅទី១ដែលក្លិបត្រូវជ្រើសរើសមកស្នងតំណែង។
ដោយឡែក អតីតគ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេសអំឡុងឆ្នាំ ២០០៧-២០១២ លោក Fabio Capello បានបង្ហើបក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយថា៖ លោកបានជួបជាមួយអ្នកតំណាងមកពីក្លិប Old Trafford ដែលបានហោះមកជួបលោកនៅទីក្រុងរ៉ូម។ ហើយក្រោយពីទទួលដំណឹងនេះ បានធ្វើឲ្យលោកមានអារម្មណ៍រំភើប និងមិនអាចបដិសេធបានទេ ព្រោះលោកពិតជាចង់ដឹកនាំក្រុមបិសាចក្រហមណាស់។ ក្រោយមក អ្វីៗត្រូវបានប្តូរផ្លាស់ទៅវិញ ក្រោយពីទីភ្នាក់ងាររបស់ Manchester United បានមកជួបខ្ញុំម្តងទៀតនៅទីក្រុមរ៉ូម ហើយប្រាប់ថា ពួកគេមិនអាចចុះហត្ថលេខាជាមួយខ្ញុំបានទេ ដោយលោក Sir Alex បានសម្រេចចិត្តមិនចូលនិវត្តន៍វិញ។
គួររំលឹកថា នៅចន្លោះឆ្នាំ ១៩៩៩-២០០៤ ដែលលោក Capello កំពុងដឹកនាំក្រុមចចក AS Roma លោកក៏ធ្លាប់បានជួយអោយក្រុមចចកអ៊ីតាលីមួយនេះ លើកពានរង្វាន់ Serie A លើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៨ ឆ្នាំ។ ហើយមកទល់សព្វថ្ងៃនេះលោក Fabio Capello ដែលមានវ័យ៧២ឆ្នាំ បានចូលនិវន្តន៍ពីវិស័យបាល់ទាត់ហើយ ក្រោយបញ្ចប់អាជីពជាមួយក្លិប Jiangsu Suning ក្នុងក្របខណ្ឌប្រទេសចិននាឆ្នាំ២០១៨៕