កង្វះខាត៥យ៉ាងជាផ្នែកនៃបរាជ័យរបស់ Liverpool ក្រោមថ្វីជើង Man City
Liverpool ដែលក្រសោបបានតំណែងជើងឯក Premier League នៅសប្ដាហ៍មុន និងជាការឈ្នះក្របខណ្ឌកំពូលអង់គ្លេសលើកដំបូងតាំងពីឆ្នាំ១៩៩០មក បានរងបរាជ័យយ៉ាងដំណំនៅផ្ទះ Man City ដោយលទ្ធផល៤ទល់នឹង០ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា។
MSR Sport សូមលើកឡើងនូវការមើលឃើញរបស់សារព័ត៌មាន Daily Star នូវចំណុចខ្វះខាត៥ដែលនាំក្រុមជើងឯក Premier League 2019/2020 ទទួលលទ្ធផលមិនសមប្រកបបែបនេះ។
១. Andy Robertson មិនបានសម្រាក
Andy Robertson ជាកូនក្រុមដ៏ឆ្នើមមួយរូបរបស់លោក Jurgen Klopp តែយប់មិញនេះ គេបានជួបរឿងដ៏ជូរចត់។
ខ្សែការពារជម្រើសជាតិស្កុតលែនបានភ្លាត់យ៉ាងហោចពីរគ្រាប់ និងមានចន្លោះប្រហោងខ្លះទៀត។ តាមពិតទៅលោក Klopp គួរតែដាក់ James Milner លេងនៅកូដឆ្វេងនេះក្នុងជម្រើសដំបូងវិញ។
២. De Bruyne ទទួលបានសេរីភាពពេញលេញ
គ្មាននរណាឆ្ងល់ពេកទេចំពោះទេពកោសល្យរបស់ Kevin De Bruyne តែអ្វីគួរឲ្យភ្ញាក់ផ្អើលនោះគឺ Liverpool ហាក់ប្រហែសពេក។
សមាជិកជម្រើសជាតិបែលហ្ស៊ីកខាងលើមានឱកាសបង្កបញ្ហានៅតំបន់កណ្ដាលដែលជាកន្លែង Fabinho, Jordan Henderson និង Wijnaldum ត្រូវទទួលបន្ទុក។ ការលេង one-two ដ៏ល្អធ្វើឲ្យ Foden មានឱកាសទាត់បញ្ចូលទី។
៣. ឯណាទៅកីឡាករក្មេងៗ?
មានតែ Klopp ទេដឹងថាហេតុអ្វីមិនដាក់ក្មេងៗដូច Curtis Jones ឬ Harvey Elliott ដើម្បីសម្រួចខ្លួនពីការប្រកួតជាមួយក្រុមធំ។
Jones បង្ហាញសមត្ថភាពយ៉ាងល្អនៅ FA Cup រដូវកាលនេះ ដោយរកបានគ្រាប់បាល់ទម្លាក់ Everton។
Elliot មានអនាគល្អ តែមិនសូវបានលេង។ Neco Williams អង្គុយមើលពីកៅអីបម្រុង និងលេងត្រឹម១៥នាទី។
៤. ខ្វះល្បែងចិត្តសាស្ត្រ
លោក Klopp ធ្លាប់បង្ហើបពីបំណងប្រជែងសមិទ្ធផល Ferguson ដែលធ្វើបានកាលនៅដឹកនាំ Manchester United តែក៏អាស្រ័យលើគុណផលនៃការប្រកួតយប់មិញ។
អាចស្រមៃចេញទេថា Man UTD អាចចាញ់ ៤-០ នៅមួយសប្ដាហ៍ក្រោយឈ្នះជើងឯក?
អំណោយទានរបស់លោក Klopp បានធ្វើឲ្យលោកជាអ្នកចាត់ការដ៏អស្ចារ្យមួយរូប តែក៏ត្រូវសម្រួចបន្ថែមទៀតដើម្បីនាំមុខ Man City របស់លោក Pep សាជាថ្មីនៅរដូវកាលក្រោយ។
៥. ជម្រើសប្រយុទ្ធតិចតួច
អាជីពរបស់ Adam Lallana នៅហង្សក្រហមបានចប់ហើយ ហើយ Xherdan Shaqiri ក៏ទំនងអស់អនាគតនៅ Anfield ដូច្នេះលោក Klopp ត្រូវការពង្រឹងក្រុមឲ្យបានស៊ីជម្រៅថែមទៀតនៅរដូវកាលក្រោយ។
ការដាក់ Alex Oxlade-Chamerlain និង Divock Origi ចូលលេងទំនងមិនសូវជាមុតស្រួចទេនៅរដូវកាលក្រោយ។
Oxlade បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងដែលជាគ្រាប់ទី៤របស់ City ខណៈ Takumi Minamino បង្ហាញគុណផលបានតិចតួច៕
ប្រភព ៖ http://dailystar