ព្រំ សំណាង បបួលអ្នកប្រដាល់បរទេសដែលចង់ប៉ះអ្នកប្រដាល់គុនខ្មែរប្រកួតដាក់ខ្សែក្រវាត់
ក្រោយពីបានដឹងថាមានអ្នកប្រដាល់បរទេសឈ្មោះ Andronikos Evropidou ដែលកំពុងកាន់ខ្សែក្រវាត់៥គ្រឿងប្រកាសចង់មកប្រឡូកនៅសង្វៀន ស្រុកខ្មែរមិនថាប៉ះនរណានោះទេអោយតែលើប្រភេទទម្ងន់ ៧៥ ដល់ ៧៧ គីឡូក្រាម អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានចេញមុខទទួលស្វាគមន៍ គ្រប់ពេល និងចង់ប្រកួតដាក់ខ្សែក្រវាត់ទៀតផង ។
មិនត្រឹមតែអាចទទួលគ្រប់ពេលនោះទេអ្នកប្រដាល់ក្លិបឆ័ត្រយោង៩១១ បានប្រាប់មកកាន់ MSR ថា រូបគេចង់បបួលអ្នកប្រដាល់បរទេសម្នាក់នោះប្រកួតដាក់ខ្សែក្រវាត់តែម្តង ពីព្រោះលោកមានខ្សែក្រវាត់ មួយគ្រឿងដែរដែលលោករកបានពីប្រកួតដែលរៀបចំដោយសហព័ន្ធគុនខ្មែរពិភពលោកនាពេលកន្លងមកក្នុងទម្ងន់ ៧៥ គីឡូក្រាមហើយអ្នកប្រដាល់ដែលចង់មកស្រុកខ្មែរនោះអាចដាក់ខ្សែក្រវាត់មួយណាក៏បានក្នុងការតតាំងជាមួយរូបលោក ។
កូនសិស្សរបស់លោក ហង្ស សឿន បន្ថែមថាគ្រាន់តែដឹងភា្លមលោកចង់ប្រកួតតែម្តងមិនថាពេលណា នោះទេលោកអាចស្វាគមន៍ដោយក្តីរីករាយ ហើយសម្រាប់ទម្ងន់អាចពី៧៥ដល់៨០គីឡូក្រាមគឺ ចន្លោះប៉ុណ្ណឹងតែម្តង ។
គួររំលឹកថា មានអ្នកប្រដាល់ Cyprus មួយរូបចង់មកប្រកួតនៅស្រុកដែលគេមានប្រវិត្តប្រកួតផ្លូវការ ២៥ ប្រកួត ឈ្នះ១៩ និងចាញ់ ៦ ធ្លាប់ឈ្នះខ្សែក្រវាត់ នៅប្រទេស Cyprus ចំនួន៣គ្រឿងឈ្នះខ្សែក្រវាត់ WMO European Amateur Champion និងខ្សែក្រវាត់ Super Muay Thai Champion ផងដែរ ៕