ស៊ន អេលីត ហួសចិត្តចៅក្រមម្នាក់អោយពិន្ទុ សុខ សាវិន ចាញ់ លន បញ្ញា ៩៦ ទល់ ៩៩
គ្រូបង្វឹកនៃក្លិបប្រដាល់គុនខ្មែរឆ្មាសសែនសុខ លោក ស៊ន អេលីត បានបង្ហាញអារម្មណ៍ហួចចិត្តទៅលើចៅក្រមម្នាក់ក្នុងចំណោម៣នាក់ដែលបានផ្តល់ពិន្ទុអោយកូនសិស្សរបស់លោក សុខ សាវិន ចាញ់ លន បញ្ញា ដោយមិនឯកច្ឆ័ន្ត ៣ ទល់ ២ នៃការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាសនៅស្ថានីយ៍ទូរទស្សន៍ PNN នាព្រឹកថ្ងៃអាទិត្យ ទី ២២ នេះ ។
គ្រូបង្វឹករបស់ សុខ សាវិន រូបនេះបានលើកឡើងថា ចំពោះលទ្ធផលចាញ់របស់កូនសិស្សរបស់លោក គឺលោកមិនអាចទទួលយកបាននោះទេ ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះគឺមានចៅក្រមម្នាក់បានផ្តល់ពិន្ទុអោយ សុខ សាវិន ៩៦ ហើយ លន បញ្ញា ៩៩ ដែលមានន័យថាកូនសិស្សរបស់លោកចាញ់ដាច់ពេញ៥ទឹក ខណៈ លោកនិងអ្នកទស្សនាមើលឃើញថា សុខ សាវិន មានភាគរយឈ្នះទៅវិញនោះ ។
សូមបញ្ជាក់ថាចំពោះការប្រកួតនេះមានចៅក្រម៣នាក់បានផ្តល់ពិន្ទុអោយ លន បញ្ញា ឈ្នះ និងចៅក្រម ២នាក់បានអោយ សុខ សាវិន ឈ្នះហើយជុំរឿងនេះដែរលោក ស៊ន អេលីត ក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយទៅកាន់សហព័ន្ធប្រដាល់គុនខ្មែរដើម្បីដោះស្រាយបញ្ហានេះ ៕