
ធន់ សុភា បញ្ជាក់មូលហេតុ តាញ់ មករា មិនបានជួប ឈុត សេរីវាន់ថង
ជំនួបលើកទី២រវាងអ្នកប្រដាល់គុនខ្មែរ ឈុត សេរីវាន់ថង ជាមួយ តាញ់ មករា ដែលត្រូវប្រកួតក្នុងសប្តាហ៍នេះបានបន្តខកខានជាលើកទី៣ដោយសារ តាញ់ មករា មានបញ្ហារបួសក្នុងការប្រកួតជាមួយ ឡុង ជិន កាលពីសប្តាហ៍មុនមិនជាទាន់ពេលវេលានៃការប្រកួតបានទើបសម្រេចដកខ្លួនចេញតែម្តង ។
លោក ធន់ សុភា ដែលជាគ្រូបង្ហាត់របស់ មករា បានប្រាប់ MSR SPORT ថា ដោយសារការប្រកួតឈ្នះ ឡុង ជិន កាលពីសប្តាហ៍មុន មករា ធ្វើការធ្ងន់ ទើបធ្វើអោយជើងរបស់គេមានបញ្ហាដោយមិនទាន់អាចហាត់បាន ខណៈការប្រកួតមានរយៈពេលខ្លីពេក ពោលត្រឹម១សប្តាហ៍តែប៉ុណ្ណឹងដែលត្រូវបន្តជួប ឈុត សេរីវាន់ថង ដូចនេះកូនសិស្សរបស់លោកមិនមានពេលវេលាគ្រប់គ្រាន់នោះទេក្នុងការត្រៀមខ្លួន ទើបសម្រេចមិនប្រកួតតែម្តង ។ ការខកខានរវាងអ្នកប្រដាល់វ័យក្មេងទាំងពីរនេះជាលើកទី៣ហើយ ដោយលើកទី១ ដោយសារបញ្ហាកូវីដ១៩ លើកទី២ ឈុត សេរីវាន់ថង មានបញ្ហាសុខភាព និងលើកទី៣នេះ តាញ់ មករា មានបញ្ហារបួស ។

លោកគ្រូ ធន់ សុភា
សូមបញ្ជាក់ថា ឈុត សេរីវាន់ថង ធ្លាប់ឈ្នះពិន្ទុ តាញ់ មករា ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm ហើយពួកគេទាំងពីរត្រូវបានអ្នកគាំទ្រជាច្រើនចង់អោយប៉ះគ្នាសារថ្មី ខណៈ តាញ់ មករា ក៏ធ្លាប់ស្នើសុំជួប វាន់ថង ម្តងទៀតផងដែរ ប៉ុន្តែការរៀបចំបន្តខកខានមិនបានប្រកួត អ្នកដែលត្រូវមកជំនួស តាញ់ មករា គឺកីឡាករ ឃីម បូរ៉ា ដែលកំពុងធ្វើបានល្អក្នុងការប្រកួតជាមួយកីឡាករគុនខ្មែរក្នុងមួយរយៈចុងក្រោយនេះ ៕

ឃីម បូរ៉ា និង ទួនប៉េ(ថៃ)