ឡៅ ចិត្រា និង ឃុន ឌីម៉ា រួមទាំងកីឡាករ៣នាក់ទៀតត្រូវទៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩
សហព័ន្ធប្រដាល់គុនខ្មែរបានធ្វើការប្រជុំនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ រួចរាល់ហើយក្នុងការជ្រើសរើសកីឡាករគុនខ្មែរចំនួន៥រូបដើម្បីទៅចូលរួមប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ។
ដោយសារម្ចាស់ផ្ទះហ្វីលីពីន បានដាក់វិញ្ញាសារគុនមានតែ៥ប្រភេទទម្ងន់ពោលមានទម្ងន់ ៤៥ , ៤៨ , ៥១ , ៦០ និង ៦៤ ទើបសហព័ន្ធប្រដាល់គុនខ្មែរបានបញ្ចូនកីឡាករគុនខ្មែរតែ៥រូបប៉ុណ្ណោះទៅចូលរួមប្រកួត ប្រជែងក្នុងឆ្នាំនេះ ។
កីឡាករគុនខ្មែរទាំង៥នាក់រួមមាន៖ ជា ចំរើន (៤៥) ហ៊ីម គឹមរៀង (៤៨) ហ៊ីម សេរី (៥១) ឡៅ ចិត្រា (៦០) និង ឃុន ឌីម៉ា (៦៤) ប៉ុន្តែសហព័ន្ធបានបញ្ចូលកីឡាករ៣នាក់បន្ថែមដើម្បីចូលរួមហ្វឹកហាត់ជាមួយកីឡាករ ទាំង៥នាក់ក្នុងក្រុមជម្រើសជាតិក្នុងនោះមាន ផល សោភ័ណ្ឌ , ឈុត សេរីវាន់ថង និង តាញ់ មករា ។
សូមបញ្ជាក់ថា ការប្រមូលផ្តុំក្រុមជម្រើសជាតិគុនខ្មែរគ្រោងធ្វើឡើងនៅដើមខែមិនាឆ្នាំ២០១៩ ខណៈ ព្រឹត្តិការណ៍ស៊ីហ្គេមនឹងចាប់ផ្តើមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ នាប្រទេសហ្វីលីពីន ៕