កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមបណ្តាខេត្តរដូវកាលទី២ ទទួលបានការគាំទ្រយ៉ាងច្រើននៅទីរួមខេត្តកំពង់ចាម តាមរយៈការប្រកួតគូខ្សែក្រវាត់និងគូអន្តរជាតិ
ការប្រកួតប្រដាល់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមបណ្តាខេត្ត ដែលបានរៀបចំឡើងនាទីរួមខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី ១៨ ខែ មករា ឆ្នាំ ២០២០ នេះមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់បងប្អូនដែលមកគាំទ្រដល់អ្នកប្រដាល់គុនខ្មែរក្នុងការផ្តល់ជាកម្លាំងចិត្តអោយពួកគេប្រឹងប្រែងប្រកួតយ៉ាងកក្រើក នាឱកាសនោះ ។
ការប្រកួតជម្រុះខ្សែក្រវាត់ចំនួនពីរគូបានរកឃើញបេក្ខភាពដែលត្រូវមកប្រកួតនៅរាជធានីភ្នំពេញ ជាបន្តទៀត ដោយក្នុងនោះគូខ្សែក្រវាត់ទី១ កីឡាករ ឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធ បានយកឈ្នះពិន្ទុលើកីឡាករ ពុទ្ធ ម៉ាណូយ របស់ក្លិបពុទ្ធសេរីវង្ស បន្ទាប់ពីពួកគេតស៊ូជាមួយ គ្នាចំនួន ៣ ទឹក ។
ចំណែកគូខ្សែក្រវាត់ទី២ កីឡាករ បឺត សង្ឃឹម ដែលបានឡើងដោយស្វ័យប្រវិត្តបន្ទាប់ពីដៃគូរបស់គេ សៀវ ង៉ុយ រក្សាទម្ងន់៥៧គីឡូក្រាមមិនបាន នៅតែធ្វើបានល្អដោយពួកគេប្រឹងប្រែងប្រកួតយ៉ាងស្វឹកស្វាយជាមួយគ្នាដើម្បីបង្ហាញភាពខ្លាំងនិងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២លានរៀលពីក្រុមហ៊ុនគោជល់ លទ្ធផលចប់ពេញ៣ទឹក បឺត សង្ឃឹម បានយកឈ្នះដោយពិន្ទុ ។ ដូចនេះមានន័យថាបេក្ខភាពខ្សែក្រវាត់ក្នុងមណ្ខលខេត្តកំពង់ចាមដែលត្រូវមកប្រកួតនៅភ្នំពេញ បឺត សង្ឃឹម ត្រូវប៉ះជាមួយកីឡាករ ឡុង រ៉ាមី ក្នុងវគ្គ៨នាក់ចុងក្រោយ ។
ក្នុងថ្ងៃនោះដែរក្រៅពីការប្រកួតជម្រុះខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាម បណ្តាខេត្តរដូវកាលទី២ នៅមានការប្រកួតគូអន្តរជាតិចំនួនពីរយ៉ាងជក់ចិត្តផងដែរ ។ នាយ សង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ត្រូវតតាំងជាមួយជើងខ្លាំងរបស់ប្រទេសថៃ កងមឿងឆាក ជាលើកទី៥ ។ ការប្រកួតពីទឹកទី១ រហូតដល់ទឹកទី៥ ពួកគេទាំងពីរនាក់សុទ្ធតែធ្វើបានល្អដោយគុនខ្មែរ ភាគច្រើនចេញកណ្តាប់ដៃនិងកែង ខណៈកីឡាករថៃភាគច្រើនប្រើប្រាស់ជង្គង់និងការទាត់ ។ លទ្ធផលយ៉ាងប្រផុតប្រផើយរបស់ចៅក្រមបានផ្តល់អោយគុនខ្មែរឈ្នះដោយពិន្ទុមិនឯកច្ឆន្ត ៣ ទល់ ២ ធ្វើអោយ ឡៅ ចន្ទ្រា ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ២លានរៀលពីក្រុមហ៊ុន គោជល់ ផងដែរ ។ គូអន្តរជាតិចុងក្រោយពិតជាធ្វើអោយបងប្អូនអ្នកខេត្តកំពង់ចាមពេញចិត្តយ៉ាងខ្លាំងនោះជាជំនួបរវាងដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ប៉ះជាមួយអ្នកប្រដាល់ថៃ ផ្លាំងនុម ។ដោយធ្លាប់មានបទពិសោធជួបគ្នាកន្លងមក ពួកគេមិនសូវស្ទៀបស្ទង់ជាមួយគ្នានោះទេដោយចាប់ផ្តើម តតាំងគ្នាតាំងពីទឹកទី១ទៅតែម្តង ។
ទោះបីជា រឿង សោភ័ណ្ឌ បានចេញកណ្តាប់ដៃធ្ងន់ៗទៅលើ ផ្លាំងនុម យ៉ាងណាក៏អ្នកប្រដាល់មកពីខេត្តមហាសារ៉ាខាម មិនរាថយដែរ ពោលដើរចូលសម្រុករហូតតែម្តង ក្រោយប្រកួតយ៉ាងជក់ចិត្តពេញ៥ទឹកចៅក្រមបានផ្តល់ពិន្ទុអោយគុនខ្មែរឈ្នះដោយឯកច្ឆ័ន្ត ៥ ទល់ ០ ។ កម្មវិធីអ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមបណ្តាខេត្តរដូវកាលទី២ នឹងធ្វើឡើងជាបន្តនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ នាខេត្តបាត់ដំបងដែលមានការប្រកួតជម្រុះខ្សែក្រវាត់ចំនួន២គូរួមទាំងការប្រកួតគូអន្តរជាតិចំនួនពីរគូផងដែរ ដោយចាប់ផ្តើមពីម៉ោង ៥.៣០ នាទីល្ងាច និងផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕