
ប្រដាល់គុនខ្មែរថ្នាក់ជាតិឆ្នាំនេះយកកីឡាករខ្លាំងៗតាមក្លិបនីមួយៗប្រកួតគ្នាតែម្តង
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានមានប្រសាសន៍ថាការប្រកួតប្រដាល់ គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០១៨នេះមានការចម្រាញ់កីឡាករល្អច្រើនជាងឆ្នាំកន្លងមក ដោយកំណត់យកជើងខ្លាំងតែម្នាក់តាមប្រភេទទម្ងន់នីមួយៗមានពីក្លិបរបស់ពួកគេអោយចូលរួម ប្រកួតប្រជែងក្នុងការដណ្តើមយកមេដាយ ។
ក្នុងសន្និសិទសារព័ត៌មានរៀបចំការប្រកួតម្សិលមិញនេះ ឯកឧត្តម តែម ម៉ឺន បានបញ្ជាក់ថា ឆ្នាំនេះ សមាគមន៍ រឺ ខេត្តនីមួយៗយកកីឡាករតែម្នាក់ប៉ុណ្ណោះដែលពួកគេគិតថាខ្លាំងជាងគេក្នុងប្រភេទទម្ងន់នោះទេដើម្បីចូលរួមប្រកួត ហើយ សហព័ន្ធបានត្រៀមចម្រាញ់កីឡាករល្អសម្រាប់ជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ ដើម្បីប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំក្រោយនៅ ប្រទេសហ្វីលីពីន ។ឩទាហណ៍៖ប្រភេទទម្ងន់ ៧១គីឡូក្រាម សមាគមន៍ក្រសួងការពារជាតិមាន ម៉ឺន សុភា , ក្រសួងកសិកម្មមាន ធឿន ធារ៉ា , ក្រសួងមហាផ្ទៃមាន រឿង សោភ័ណ្ឌ ជាដើម ។
ការប្រកួតប្រដាល់ គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០១៨នេះនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ដល់ ១៦ ខែធ្នូឆ្នាំ២០១៨ នាតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សូមបញ្ជក់ថា សហព័ន្ធប្រដាល់គុនខ្មែរបានដាក់ចំនួន៩ប្រភេទទម្ងន់ក្នុងការប្រកួតនាឆ្នាំនេះដោយ ចាប់ពី ៤៥គីឡូក្រាម ដល់ ៧១ គីឡូក្រាម ៕