Real Madrid បញ្ជាក់មូលហេតុចម្បងដែលសម្រេចចិត្តបណ្តេញអ្នកចាត់ការ Julen Lopetegui ចេញពីតំណែង
Real Madrid បានចេញសេចក្ដីថ្លែងការណ៍បកស្រាយមូលហេតុដែលនាំឱ្យពួកគេសម្រេចចិត្តបញ្ឈប់លោក Julen Lopetegui ពីតួនាទីជាគ្រូបង្គោល។
ក្រុមប្រឹក្សាភិបាលនាយករបស់ Real Madrid C. F. ប្រជុំនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨ បានយល់ព្រមបញ្ចប់កិច្ចសន្យាដែលភ្ជាប់គ្រូបង្វឹក Julen Lopetegui ជាមួយក្លិប។ ការសម្រេចចិត្តនេះ ដែលធ្វើចេញពីទំនួលខុសត្រូវកម្រិតខ្ពស់បំផុត មានបំណងផ្លាស់ប្ដូរថាមភាពរបស់ក្រុមធំ ខណៈគោលដៅទាំងអស់ក្នុងរដូវកាលនេះនៅតែអាចសម្រេចបាននៅឡើយ។
ក្រុមប្រឹក្សាភិបាលនាយកយល់ថាមានវិសមភាពធំធេងរវាង [គុណភាពបុគ្គលិក] របស់ Real Madrid ដែលមានកីឡាករ៨នាក់ជាប់ឈ្មោះប្រជែង Ballon d’Or ជាអ្វីដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ជាមួយនឹងលទ្ធផលដែលក្លិបបានទទួលមកទល់ពេលនេះ។ ក្លិបសូមអរគុណ Julen Lopetegui និងក្រុមការងារបច្ចេកទេសទាំងមូលរបស់គាត់ចំពោះកិច្ចខិតខំនិងការងាររបស់ពួកគេ និងសូមជូនពរពួកគេជួបតែរឿងល្អក្នុងអាជីពរបស់ពួកគេ។
កថាខណ្ឌសំខាន់មួយក្នុងសេចក្ដីប្រកាសរបស់ Real គឺដោយសារលទ្ធផលដែលក្លិបទទួលបានក្នុងរដូវកាលនេះអន់ខ្លាំងពេកធៀបទៅនឹងគុណភាពកីឡាកររបស់ក្លិបដែលបានជាប់ឈ្មោះប្រជែងពាន Ballon d’Or ដល់ទៅ៨នាក់ជាប្រវត្តិសាស្ត្រទៅហើយ។