ក្លិប ណាហ្គាវើល បន្តកុងត្រាកីឡាករពីររូប
ក្លិបបាល់ទាត់ ណាហ្គាវើល បានប្រកាសអំពីការបន្តកុងត្រាថ្មីដល់កីឡាករពីររូបសម្រាប់ត្រៀមប្រកួតប្រជែងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាលថ្មី ២០២១ ជាបន្តទៀត ។ កីឡាករទាំងពីររូបដែលក្លិបរបស់លោក មាស ចាន់ណា ផ្តល់សេចក្តីទុកចិត្តបន្តកុងត្រាថ្មីរួមមានខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា កែវ ឧត្តម និងកីឡាករ ហេង ទីណា ។
កែវ ឧត្តម ធ្លាប់ចូលរួមជាមួយក្លិបបាល់ទាត់ ស៊ីម៉ាក់ និង វេស្ទើនភ្នំពេញ មុនផ្លាស់មកកាន់ក្លិប ណាហ្គាវើល នៅឆ្នាំ ២០១៩ ខណៈបច្ចុប្បន្នរូបគេក៏កំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម ១៩ ឆ្នាំ ត្រៀមប្រកួតពានរង្វាន់ AFC U-19 នៅប្រទេស អ៊ូបេគីស្ថាន ផងដែរ ។ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះជាគ្រូប្រុសរបស់លោក កែវ សារិន ដែលធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលស៊ីម៉ាក់យូណាយធីតពីចន្លោះឆ្នាំ២០០៧ដល់២០១៨ ដែលបានទទួលមរណភាព ឮ ខែមេសា ឆ្នាំ២០២០ ដោយរោគាពាធ ។
ចំណែកកីឡាករ ហេង ទីណា លេងក្នុងតួនាទីខ្សែបម្រើបានផ្លាស់ពីសាលាបាល់ទាត់បាទីមកចូលរួមជាមួយក្លិប ណាហ្គាវើល កាលពីឆ្នាំ ២០១៨ ។ ហេង ទីណា ដុះដាលពីសាលាបាល់ទាត់ជាតិបាទីដែលគេបានចូលរួមពីចុងឆ្នាំ២០១៣ដល់ដំណាច់រដូវកាល២០១៨ និងធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតដែរតាំងអាយុក្រោម១៤ឆ្នាំដល់១៩ឆ្នាំ ៕