ច្បាស់ហើយ ! ឡុង ជិន ត្រូវសម្រាកយ៉ាងតិច៣ខែ ដោយសាររបួសច្រមុះធ្ងន់
របួសច្រមុះរបស់កីឡាករគុនខ្មែរ ឡុង ជិន ដែលត្រូវមួយជើងរបស់កីឡាករ សូត្រ វាសនា ក្នុងការប្រកួតដណ្តើមប្រាក់លានពីក្រុមហ៊ុន គោជល់ កាលពីម្សិលមិញនាសង្វៀន CNC ត្រូវសម្រាកប្រហែល៣ខែ ទើបអាចហ្វឹកហាត់ រឺ ឡើងប្រកួតវិញបាន បន្ទាប់ពីការពិនិត្យពីក្រុមគ្រូពេទ្យរួចរាល់ ។
អ្នកប្រដាល់នៃក្លិប ខ្លារខិនមានរិទ្ធ កំពុងសម្រាកព្យាបាលនៅមន្ទីរព្រះអង្គឌូង ដោយគ្រូពេទ្យបានបញ្ជាក់ថារបួសបាក់ក្តោងច្រមុះ បានវះកាត់រួចរាល់ហើយ ដោយត្រូវសម្រាកពីការហ្វឹកហាត់រឺប្រកួតរយៈពេលយ៉ាងតិច៣ខែ ទើបអាចហ្វឹកហាត់វិញបាន ហើយការខកខានប្រកួតនេះធ្វើអោយម្ចាស់ខ្សែក្រវាត់២ខ្សែត្រូវប្រឈមទៅនឹងបញ្ហាខ្វះខាតក្នុងជីវភាពគ្រួសារដែលពឹងផ្អែកលើការឡើងប្រកួតលើសង្វៀនទាំងស្រុងនេះ ផងដែរ ។
បញ្ហារបួសច្រមុះធ្ងន់នេះនឹងធ្វើអោយ ឡុង ជិន បាត់បងឱកាសប្រកួតក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ជើងឯកប៉ះគ្នា រដូវកាលទី២ ដែលរូបគេជាបេក្ខភាពក្នុងក្រុមទី២ ជាមួយ អេលីត ចម្រើន , ម៉ឺន មេឃា និង សោម វិឆ័យ ដែលចាប់ផ្តើមនៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២០ ខាងមុខនេះ ។
សម្រាប់បងប្អូនដែលមានបំណងចង់ជួយកីឡាករ ឡុង ជិន អាចទំនាក់ទំនងទៅអ្នកគ្រូ ឡុង រ៉ាវី ម្ចាស់ក្លិបប្រដាល់ខ្លារខិនមានរិទ្ធ ៖ ០១២ ២០៦ ២២២