Thibaut Courtois ចង់ទៅលេងនៅ Real Madrid មិនមែនដោយសារតំលៃខ្លួន
ថ្មីៗ មានដំណឹងថា ភ្នាក់ងាររបស់អ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Thibaut Courtois គឺលោក Christophe Henrotay បានទទូចសុំឲ្យក្លឹប Chelsea អនុញ្ញាតឲ្យអ្នកចាំទីកម្ពស់ ១ម៉ែត្រ៩៩រូបនេះ អាចផ្ទេរទៅលេងនៅក្លឹបយក្សអេស្ប៉ាញ Real Madrid មុនទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ នៅថ្ងៃទី ៩ខែសីហាខាងមុខ។
Courtois បានបញ្ជាក់ដោយខ្លួនឯង ដោយគ្មានលាក់លៀមថា គាត់ចង់ទៅលេងនៅអេស្ប៉ាញ មិនមែនដោយសារតែបានតំលៃខ្លួនខ្ពស់នោះទេ ពោលគឺគាត់ចង់ទៅរស់នៅជួបជុំកូនៗ។ សូមបញ្ជាក់ថា Courtois ធ្លាប់បានទៅលេងខ្ចីជើងនៅក្លឹប Atletico Madrid ក្នុងប្រទេសអេស្ប៉ាញ កាលពីអំឡុងឆ្នាំ ២០១១ ដល់ ២០១៤ ហើយគាត់ក៏មានមិត្តស្រី គឺនាង Marta Dominguez នៅទីនោះ ដោយអ្នកទាំង ២ មានកូន ២នាក់ (ស្រី១ ប្រុស១) រួចហើយក៏បែកគ្នា នៅឆ្នាំ ២០១៧។
លោក Henrotay បាននិយាយថា៖ «នេះគឺជាការសម្រេចចិត្តមួយដ៏ធំសម្រាប់រូបគេ (Courtois) ព្រោះគេចង់នៅក្បែរគ្រួសារ ព្រមទាំងមានក្លឹបដែលចង់បានរូបគេរួចហើយ រង់ចាំតែ Chelsea យល់ព្រមប៉ុណ្ណោះ»។
លោក Henrotay បន្ត៖ «ចំណុចសំខាន់គឺទាំងអស់គ្នាត្រូវធ្វើឲ្យសមហេតុផល ហើយក្លឹបដែលចង់ទិញ បានស្នើតម្លៃមួយដែលសមហេតុសមផលរួចហើយ សម្រាប់កីឡាករម្នាក់ដែលនៅជាប់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ ទាំងដឹងហើយថា បើគេរង់ចាំតែ ១២ខែទៀត គេអាចទិញកីឡាកររូបនេះ ដោយមិនចាំបាច់ត្រូវបង់ខាតតម្លៃបន្ថែមអ្វីទាំងអស់»។
គួរជម្រាបជូនថា ការផ្ទេរកីឡាករ T. Courtois នៅតែមានភាពចម្រូងចម្រាស់ ដោយសារតែគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Sarri បានបញ្ជាក់ហើយបញ្ជាក់ទៀតទៅកាន់ Real Madrid ថា កីឡាករបែលហ្ស៊ិក ២នាក់ គឺ T. Courtois និង Eden Hazard មិនមែនសម្រាប់លក់នោះទេ។ ហើយគាត់ក៏បានស្នើចិត្ត Courtois កុំឲ្យទាន់ទៅណា ដរាបណាក្លឹបរកបានអ្នកចាំទីជំនួសរូបគេសិន។
យើងនៅមិនទាន់ដឹងទេថា តើវាសនារបស់ Courtois នឹងទៅជាបែបណា ក្នុងរដូវកាលថ្មី 2018-2019។ អ្វីៗ គឺត្រូវការការសម្រេចចិត្តពីក្លឹប Chelsea សិន បើទោះបីជាសាមីខ្លួនបានសម្រេចចិត្តរួចហើយក៏ដោយ។ យើងនៅបន្តចាំមើលទាំងអស់គ្នា!