សេរីវាន់ថង ទទួលស្គាល់ការលើកឡើងរបស់ អេលីត សាន់ ថាធ្ងន់និងកម្លាំងជាងខ្លួន
អ្នកប្រដាល់គុនខ្មែរ ឈុត សេរីវាន់ថង បង្ហាញអារម្មណ៍សប្បាយរីករាយនិងលើកឡើងពីចំណុចខ្លាំងរបស់អេលីត សាន់ ក្នុងការប្រកួតដណ្តើមពានរង្វាន់លោកគ្រូ ម៉ា សេរី លើកទី៣ នៅថ្ងៃសៅរ៍ សប្តាហ៍នេះ នាសង្វៀន ស៊ី អ៊ី ស៊ី ឬស្សីកែវ ។
កូនប្រុសរបស់លោក ឈុត សេរី បានបញ្ជាក់ថា ខ្ញុំសប្បាយចិត្តដែលមានឱកាសប្រកួតដណ្តើមពានរង្វាន់នេះ ហើយសម្រាប់ អេលីត សាន់ ខ្ញុំទទួលស្គាល់ដូចអ្វីដែលគាត់បានលើកឡើងថាគាត់មានចំណុចល្អជាងខ្ញុំគឺធ្ងន់និងកម្លាំង ប៉ុន្តែខ្ញុំមានវិធីសាស្ត្រទប់ទល់ជាមួយគាត់រួចហើយសម្រាប់ការប្រកួតលើសង្វៀន។
ពានរង្វាន់ដែលរំលឹកដល់លោកគ្រូ ម៉ា សេរី ដែលជាស្ថាបនិកកីឡាប្រចាំក្រុមហ៊ុន CBS និងជាអ្នកបង្កើតពាក្យគុនខ្មែររួមទាំងបណ្តុះកីឡាករគុនខ្មែរជាច្រើនសម្រាប់អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ចំនួន១ពាន់ដុល្លារ ។
សូមបញ្ជាក់ថា ពានរង្វាន់លោកគ្រូ ម៉ា សេរី លើកទី១បានទៅលើកីឡាកររបស់ប្រទេសថៃ នឹងត្រាក់កាន ខណៈលើកទី២ បានទៅលើកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ។ ការប្រកួតពាន រង្វាន់លោកគ្រូ ម៉ា សេរី លើកទី៣នេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២១ កញ្ញា ចាប់ពីម៉ោង ៦ ល្ងាចនិងផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕